អាជ្ញាធររាជធានីភ្នំពេញសម្រេចបិទខ្ទប់ផ្សារចាស់ ក្នុងខណ្ឌដូនពេញ ក្រោយមានអ្នកឆ្លងកូវីដ-១៩ និងអ្នកពាក់ព័ន្ធត្រូវបានយកសំណាក
(ភ្នំពេញ)៖ អភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ តំណាងអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា នៅព្រឹកថ្ងៃ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃចន្ទ ទី១២ ខែមេសា ឆ្នាំ២០២១នេះ អាជ្ញាធរបានសម្រេចបិទខ្ទប់ (Lock Down) ផ្សារចាស់ ក្រោយមានអ្នកឆ្លងជំងឺកូវីដ-១៩ ហើយអ្នកដែលប៉ះពាល់ទាំងផ្ទាល់ និងប្រយោលមួយចំនួននឹងត្រូវយកសំណាកនៅទីនោះតែម្តង។
លោក សុខ ពេញវុធ បានបញ្ជាក់ទៀតថា «នៅថ្ងៃនេះ គណៈបញ្ជាការឯកភាពខណ្ឌបានបិទបណ្តោះអាសន្ន (Lock down) ទីរួមផ្សារចាស់ភូមិ៥ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដើម្បីយកសំណាកអ្នកដែលពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ »។
សូមបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ ការឆ្លងជំងឺកូវីដ-១៩ បានកើនឡើងយ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍២០កុម្ភៈ ហើយតាមផ្សារមួយចំនួនក៏មានករណីឆ្លងផងដែរ ក្រោយមានការផ្ទុះខ្លាំងនៅផ្សារអូរឫស្សី៕
ប្រភព: ក្រសួងព័ត៌មាន