សម្តេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរចំពោះក្រុមការងាររួមកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងទប់ស្កាត់ បង្រ្កាប និងប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា
នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅរាត្រីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៦ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបានសរសេរថា «ខ្ញុំសូមស្វាគមន៍ចំពោះសាររបស់ឯកឧត្តម Lee Jae Myung ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ ស្តីពីកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងមានប្រសិទ្ធិភាពរវាងរដ្ឋាភិបាលទាំងពីរ ក្នុងការទប់ស្កាត់បទល្មើសឆ្លងដែន ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

រាជរដ្ឋាភិបាលកម្ពុជាសូមបញ្ជាក់សាជាថ្មីពីការប្តេជ្ញាយ៉ាងមុតមាំក្នុងការប្រយុទ្ធប្រឆាំង និងបង្រ្កាបឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ទម្រង់ រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្ស និងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាផ្សេងទៀត ដែលគំរាមកំហែងដល់សន្តិសុខសង្គម ក៏ដូចជាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។
ឧក្រិដ្ឋកម្មឆ្លងដែន រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា មិនមែនជាបញ្ហាដែលប្រទេសណាមួយប្រឈមមុខ និងអាចដោះស្រាយតែម្នាក់ឯងនោះទេ ។ ដូច្នេះដើម្បីដោះស្រាយការគម្រាមកំហែងនេះ តម្រូវ ឱ្យមានកិច្ចសហប្រតិបត្តិការល្អក្នុងតំបន់ ជាក់ស្តែងដូចជាកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងកិច្ចខិតខំប្រឹងប្រែងរួមរវាងកម្ពុជា និងសាធារណរដ្ឋកូរ៉េ។
សម្តេចធិបតី សូមកោតសរសើរផងដែរ ចំពោះក្រុមការងាររួមកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងទប់ស្កាត់ បង្រ្កាប និងប្រយុទ្ធប្រឆាំងគ្រប់ទម្រង់នៃឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ហើយសង្ឃឹមថា ក្រុមការងាររួមនេះនឹងបន្តទទួលបានលទ្ធផលត្រចះត្រង់បន្ថែមទៀត ដើម្បីលុបបំបាត់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែននានា»៕









































