[COVID-19] សូមប្រុងប្រយ័ត្ន! ករណីឆ្លងវីរុសកូវីដ១៩ ថ្មីចំនួន ០៤នាក់ទៀតហើយ
កម្ពុជាបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ០៤ករណីបន្ថែមទៀតហើយ ខណ:មិនទាន់មានករណីជាសះស្បើយបន្ថែមទៀតទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបកើនឡើងដល់ ២០២នាក់ក្នុងនោះមានស្រ្តី ៤៤នាក់ និងបុរស ១៥៨នាក់ ។
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹក ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ ២០២០ ថា កម្ពុជាបានរកឃើញអ្នកជម្ងឺឆ្លងកូវីដថ្មីចំនួន ០៤ករណី ខណ:មិនទាន់មានករណីជាសះស្បើយបន្ថែមទៀតទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកឆ្លងវីរុសកូវីដ១៩ នៅទូទាំងប្រទេសមានកើនដល់២០២ករណី។
សូមជម្រាបថា ករណីឆ្លងវីរុសកូវីដ១៩ថ្មី ០៤នាក់ក្នុងនោះមានស្រ្តី ០១នាក់កំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ និងបុរស ០៣នាក់កំពុងសំរាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ ។
គិតមកត្រឹមថ្ងៃនេះ អ្នកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋកើនដល់ ៥៨នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ ។ចំណែកអ្នកកំពុងសម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែកនៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជាគឺជាស្រ្តីជនជាតិអាមេរិកកាំង ០២នាក់។
សូមរម្លឹកផងដែរថា ប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ក៏បានអំពាវនាវឱ្យពលរដ្ឋបន្តអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការឆ្លងមកដល់សហគមន៍កម្ពុជា៕
ប្រភព: ក្រសួងសុខាភិបាល