អង្គការសុខភាពពិភពលោកប្រាប់ថា មិនបាច់រំពឹងពីវ៉ាក់សាំងការពារវីរុសកូវីដ១៩ នោះទេនៅឆ្នាំនេះ

ហ្សឺណែវ៖ អ្នកជំនាញរបស់អង្គការសុខភាពពិភពលោក (WHO) បាននិយាយកាលពីថ្ងៃពុធ ខែកក្កដាថា អ្នកស្រាវជ្រាវកំពុងធ្វើឲ្យមានភាពជឿនលឿនក្នុងការបង្កើតវ៉ាក់សាំងប្រឆាំងនឹងវីរុសកូវីដ១៩ ប៉ុន្តែ វ៉ាក់សាំងដែលអាចប្រើប្រាស់បាន គឺមិនត្រៀមរួចរាល់ទេនៅឆ្នាំនេះ ត្រូវចាំរហូតដល់ឆ្នាំ២០២១។

 
អង្គការសុខភាពពិភពលោកប្រាប់ថា មិនបាច់រំពឹងពីវ៉ាក់សាំងការពារវីរុសកូវីដ១៩ នោះទេនៅឆ្នាំនេះ

លោក ម៉ៃក៍ រ៉ាយអេន Mike Ryan ប្រធានផ្នែកកម្មវិធីរបស់អង្គការសុខភាពពិភពលោកបានមានប្រសាសន៍ថា អង្គការសុខភាពពិភពលោកកំពុងធ្វើការ ដើម្បីធានាការចែកចាយវ៉ាក់សាំងដោយយុត្តិធម៌ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។

លោក Ryan បានបន្ថែមថា យើងពិតជាកំពុងបង្កើនភាពជឿនលឿនទៅមុខ នៅក្នុងការអភិវឌ្ឍវ៉ាក់សាំងដោយបច្ចុប្បន្នយើងបានឈានចូលដល់ដំណាក់កាលទី៣ ហើយនៃការធ្វើតេស្តលើមនុស្ស ដើម្បី សម្រេចឲ្យបាននូវវ៉ាក់សាំងប្រកបដោយសុវត្ថិភាព និងប្រសិទ្ធិភាព។ ប៉ុន្តែសូមកុំរំពឹងពីវ៉ាក់សាំងដំបូងក្នុងពេលឆាប់ៗនេះឲ្យសោះ យើងត្រូវរង់ចាំរហូតដល់ឆ្នាំ២០២១សិន។

គួររម្លឹកផងដែរថា លោក Ryan ក៏បានដាស់តឿនដល់សាលារៀនទាំងអស់ត្រូវប្រុងប្រយ័ត្នក្នុងការបើកដំណើរការឡើងវិញរហូតដល់ស្ថានភាពកូវីដ១៩ មានការធូរស្បើយ និងស្ថិតក្រោមការគ្រប់គ្រង៕

ប្រភព៖ CNA ប្រែសម្រួល៖ កង​​ ស្រីលីន