វិធីសាស្រ្តកាត់បន្ថយផលប៉ះពាល់សុខភាពពីការបំពុល PM 2.5 ឬខ្យល់ពុល

PM2.5 គឺជាធូលីល្អិតមានអង្កត់ផ្ចិតតូចជាង ឬស្មើ 2.5 មីក្រូម៉ែត្រ (តូចជាងសក់មនុស្សដល់ទៅ ៣០ ដង) ដែលត្រូវបានចាប់ទុកថាជាមេរោគបំពុលខ្យល់ដែលមានគ្រោះថ្នាក់ខ្លាំងបំផុតមួយចំពោះសុខភាពមនុស្ស។

 
វិធីសាស្រ្តកាត់បន្ថយផលប៉ះពាល់សុខភាពពីការបំពុល PM 2.5 ឬខ្យល់ពុល

 

ដោយសារតែ PM2.5 មានទំហំតូចខ្លាំង ភាគល្អិតទាំងនេះអាចចូលជ្រៅទៅក្នុងសួត ហើយចូលទៅក្នុងសរសៃឈាម បង្កើនហានិភ័យនៃជំងឺផ្លូវដង្ហើម ជំងឺបេះដូង និងការស្លាប់មុនអាយុ។

ក្រសួងបរិស្ថានសូមណែនាំនូវវិធានការសំខាន់ៗដូចខាងក្រោម៖

១. តាមដានគុណភាពខ្យល់ជាប្រចាំ

ការទទួលបានព័ត៌មានអំពីគុណភាពខ្យល់គឺជាជំហានដំបូងសម្រាប់ការការពារ។ តាមដានគុណភាពខ្យល់ប្រចាំថ្ងៃនៅលើហ្វេកប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន និងតាមរយៈការចូលទៅកាន់វេបសាយរបស់ក្រសួងបរិស្ថាន www.airquality.moe.gov.kh ពិសេសកម្មវិធីទូរស័ព្ទដៃ (APP) ឈ្មោះ CGS SPA ដែលធ្វើបច្ចុប្បន្នភាពរៀងរាល់១ម៉ោងម្តង។

២. ការពារខ្លួននៅពេលចេញក្រៅ

  • ពាក់ម៉ាសឱ្យបានត្រឹមត្រូវ៖ ម៉ាសធម្មតាមិនអាចការពារធូលី PM 2.5 បានឡើយ។ អ្នកគួរប្រើម៉ាសប្រភេទ N95 ឬ KN95 ដែលមានសមត្ថភាពចម្រោះភាគល្អិតតូចៗបានយ៉ាងហោចណាស់ ៩៥%។
  • កាត់បន្ថយការនៅក្រៅផ្ទះ៖ ប្រសិនបើមិនចាំបាច់ទេ គួរចៀសវាងការចេញទៅក្រៅ ជាពិសេសនៅពេលព្រឹកព្រលឹម ដែលជាពេលកម្រិតខ្យល់ពុលធ្លាក់ចុះមកទាប និងក្រាស់។

៣. បង្កើនសុវត្ថិភាពនៅក្នុងផ្ទះ

  • បិទទ្វារ និងបង្អួច៖ បិទឱ្យជិតដើម្បីការពារកុំឱ្យខ្យល់ពុលពីខាងក្រៅចូលក្នុងផ្ទះ។
  • ប្រើម៉ាស៊ីនចម្រោះខ្យល់ (Air Purifier): ប្រសិនបើមានលទ្ធភាព គួរប្រើម៉ាស៊ីនដែលមានតម្រង (High-Efficiency Particulate Air-HEPA) ដើម្បីសម្អាតខ្យល់ក្នុងបន្ទប់គេង ឬបន្ទប់ទទួលភ្ញៀវ។
  • ការសន្សំសំចៃអគ្គិសនី
  • សម្អាតផ្ទះដោយប្រើក្រណាត់សើម៖ ចៀសវាងការប្រើអំបោសបោសដែលធ្វើឱ្យធូលីហុយឡើង។ គួរប្រើក្រណាត់សើមជំនួសវិញ។

៤. ផ្លាស់ប្តូរទម្លាប់រស់នៅ

  • ប្រើប្រាស់មធ្យោបាយសាធារណៈ ប្រើប្រាស់យានជំនិះសាធារណៈ ជិះកង់ ឬដើរជើងជំនួសការបើកបររថយន្តផ្ទាល់ខ្លួន។
  • កាត់បន្ថយប្រភពផ្សែងក្នុងផ្ទះ៖ ចៀសវាងការដុតធូប ការជក់បារី ឬការដុតសំរាមក្បែរផ្ទះ។
  • ញ៉ាំទឹក និងញ៉ាំផ្លែឈើឱ្យបានច្រើន ៖ ការញ៉ាំទឹកជួយឱ្យរាងកាយបញ្ចេញជាតិពុល ហើយអាហារដែលមានវីតាមីន C និង E ជួយពង្រឹងប្រព័ន្ធការពាររាងកាយប្រឆាំងនឹងសារធាតុអុកស៊ីតកម្មពីខ្យល់ពុល។

៥. អនាម័យខ្លួនប្រាណ

  • ងូតទឹក និងបោកសម្លៀកបំពាក់៖ សម្អាតខ្លួនប្រាណ គួរងូតទឹក កក់សក់ និងប្តូរសម្លៀកបំពាក់ភ្លាម ដើម្បីជម្រះធូលីដែលជាប់នឹងខ្លួន។
  • លាងសម្អាតច្រមុះ និងភ្នែក៖ អ្នកអាចប្រើទឹកសេរ៉ូម (Normal Saline) ដើម្បីលាងច្រមុះ ប្រសិនបើមានអារម្មណ៍ថាថប់ ឬរមាស់ច្រមុះ។

.គាំទ្របរិស្ថានទីក្រុងបៃតង

ដាំដើមឈើ និងតំបន់បៃតងអាចជួយចម្រោះធូលីក្នុងខ្យល់ និងកាត់បន្ថយកម្តៅទីក្រុង ដែលជួយបន្ថយការបង្កើតខ្យល់បំពុល។

ចំណាំ៖ ប្រសិនបើអ្នកមានរោគសញ្ញាដូចជា ពិបាកដកដង្ហើម ក្អកខ្លាំង ឈឺទ្រូង ឬរមាស់ភ្នែកខ្លាំង គួរប្រញាប់ទៅជួបគ្រូពេទ្យ។

ទំនាក់ទំនងការផ្សាយ៖ 085 999 070 / 098 999 070