នាយកសាលាម្នាក់បានស្លាប់ ក្រោយហេតុការណ៍បាញ់បោះក្នុងសាលារៀនមួយនៅប្រទេសថៃ

បាងកក៖ អាជ្ញាធរថៃបានឱ្យដឹងថា ខ្មាន់កាំភ្លើងវ័យជំទង់ម្នាក់ ត្រូវបានចោទប្រកាន់ពីបទបាញ់សម្លាប់នាយកសាលាម្នាក់ក្នុងសាលារៀន Phatong Prathan Khiriwat ក្នុងខេត្តសុងខ្លា ប្រទេសថៃ ដោយឆក់យកកាំភ្លើងខ្លីពីមន្ត្រីនគរបាលម្នាក់ ហើយពេលនេះត្រូវបានចាប់ខ្លួន នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។

 
នាយកសាលាម្នាក់បានស្លាប់ ក្រោយហេតុការណ៍បាញ់បោះក្នុងសាលារៀនមួយនៅប្រទេសថៃ

នាយកសាលាលោកស្រី Sasiphat Sinsamosorn បានទទួលមរណភាពនៅមន្ទីរពេទ្យ កាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីត្រូវគ្រាប់កាំភ្លើង មិនអាចជួយសង្គ្រោះជីវិតបាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA ។

ក្រៅពីការបាត់បង់ជីវិតរបស់នាយកសាលា ក៏មានសិស្សពីរនាក់ផ្សេងទៀតបានរងរបួសផងដែរ។

លោក Teerasak Chaiyotha ស្នងការនគរបាលខេត្តសុងខ្លា បានប្រាប់អ្នកសារព័ត៌មានថា ជនសង្ស័យជាយុវជនវ័យ ១៨ ធ្លាប់ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យព្យាបាលផ្នែកផ្លូវចិត្តកាលពីខែធ្នូកន្លងទៅ ហើយក៏ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យវិញផងដែរ៕

ប្រភព៖CNA