កម្ពុជា មានការតាំងចិត្ត និងការប្ដេជ្ញាខ្ពស់ក្នុងការសហការ ចូលរួមខិតខំប្រឹងប្រែងបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន
ឯកឧត្តម នាយឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារក្រសួងមហាផ្ទៃទទួលការងារប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្រខណ្ឌអាស៊ាន បានមានប្រសាសន៍គូសបញ្ជាក់ថា កម្ពុជា មានការតាំងចិត្ត និងការប្ដេជ្ញាខ្ពស់ក្នុងការសហការ និងចូលរួមខិតខំប្រឹងប្រែងបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ដើម្បីរក្សាបាននូវសន្តិសុខសណ្ដាប់ធ្នាប់សង្គម ហើយប្រទេសកម្ពុជា ចាំបាច់ត្រូវបន្តធ្វើកិច្ចការនេះប្រកបដោយប្រសិទ្ធភាពទាំងនៅក្នុង និងក្រៅតំបន់ ដើម្បីពង្រឹង និងពង្រីកវិសាលភាពកិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយ សំដៅដោះស្រាយបញ្ហាប្រឈម និងការគំរាមកំហែងនៃឧក្រិដ្ឋកម្មឆ្លងដែននេះផងដែរ។ នេះបើតាមប្រសាសន៍លើកឡើងរបស់ឯកឧត្តម រដ្ឋលេខាធិការ ក្នុងកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី២០ស្ដីពីឧក្រិដ្ឋកម្មឆ្លងដែន នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ តាមរយៈប្រព័ន្ធវីដេអូសន្និសីទ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ថា ការគំរាមកំហែងពីសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនមានលក្ខណៈស្មុគស្មាញ ហើយការដោះស្រាយការគំរាមកំហែងនេះ គឺតម្រូវឲ្យមានសកម្មភាពរួមគ្នាពីបណ្ដាប្រទេសនានា ដូចនេះកិច្ចប្រជុំថ្ងៃនេះជាសក្ខីភាពនៃការខិតខំប្រឹងប្រែងរួមគ្នាក្នុងការផ្លាស់ប្ដូរព័ត៌មាន មតិយោបល់ និងការប្ដេជ្ញាចិត្ត ក៏ដូចជាយុទ្ធសាស្ត្រសម្រាប់ពេលអនាគត។
ក្នុងនោះផងដែរ ឯកឧត្តម បានសំដែងការជឿជាក់យ៉ាងមុតមាំថា ភាពជាដៃគូដ៏រឹងមាំ ទាំងក្នុងតំបន់ និងពិភពលោក ប្រទេសកម្ពុជា ក៏ដូចជាបណ្ដាប្រទេសផ្សេងទៀត នឹងជម្នះបាននូវការគំរាមកំហែងពីសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែនដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាពក្នុងតំបន់ និងពិភពលោក។
គួរជម្រាបថា ក្នុងឆ្នាំ២០២០ ប្រទេសហ្វីលីពីនធ្វើជាប្រធានដឹកនាំកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី២០ដែលធ្វើតាមប្រព័ន្ធវីដេអូសន្និសីទនេះ ហើយសម្រាប់កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន ស្ដីពីឧក្រិដ្ឋកម្មឆ្លងដែននេះផងដែរ គឺត្រូវប្រព្រឹត្តឡើងជារៀងរាល់ឆ្នាំជាមួយនឹងបណ្ដាប្រទេសអាស៊ានដទៃទៀត ក្នុងការផ្លាស់ប្ដូរនូវវឌ្ឍនភាពនានាអំពីស្ថានភាពប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋឆ្លងដែន ក៏ដូចជាផ្ដល់មតិយោបល់ពាក់ព័ន្ធសម្រាប់កំណត់ទិសដៅ កំណត់យុទ្ធសាស្ត្រផ្សេងៗ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរួមគ្នាក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់នូវការគំរាមកំហែងដោយសកម្មភាពឧក្រិដ្ឋកម្មឆ្លងដែន៕
ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា
ប្រភព: ក្រសួងមហាផ្ទៃ