មូលនិធិរូបិយវត្ថុអន្តរជាតិប្រកាសជាផ្លូវការនូវវិបត្តិសេដ្ឋកិច្ចពិភពលោក
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃសុក្របានប្រកាសជាផ្លូវការថា សេដ្ឋកិច្ចពិភពលោកបានធ្លាក់ចូលក្នុងវិបត្តិហើយ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានបិទសកម្មភាពសេដ្ឋកិច្ចនៅទូទាំងពិភពលោក។
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីថ្ងៃសុក្របានប្រកាសជាផ្លូវការថា សេដ្ឋកិច្ចពិភពលោកបានធ្លាក់ចូលក្នុងវិបត្តិហើយ ដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានបិទសកម្មភាពសេដ្ឋកិច្ចនៅទូទាំងពិភពលោក។ នេះបើយោងតាមសារព័ត៌មាន The New York Time ចុះផ្សាយថ្ងៃទី២៨ មីនា ២០២០។
លោកស្រី Kristalina Georgieva នាយកគ្រប់គ្រងមូលនិធិរូបិយវត្ថុអន្តរជាតិបានមានប្រសាសន៍ថា ពួកគេបានវាយតម្លៃឡើងវិញចំពោះការព្យាករណ៍សម្រាប់កំណើនសេដ្ឋកិច្ចឆ្នាំ ២០២០ និង ២០២១។
លោកស្រីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រទី២៧ មីនា ២០២០ថា “ឥឡូវនេះវាច្បាស់ណាស់ថាយើងបានធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច - អាក្រក់ ឬអាក្រក់ជាងឆ្នាំ ២០០៩”។
លោកស្រីបានលើកឡើងថា សេដ្ឋកិច្ចពិភពលោកនឹងងើបឡើងវិញ ប្រសិនបើស្ថានភាពរីករាលដាលនៃវីរុសត្រូវបានទប់ស្កាត់ដោយជោគជ័យ។
យោងតាមលោកស្រី Georgieva ការព្រួយបារម្ភសំខាន់មួយអំពីផលប៉ះពាល់យូរអង្វែងចំពោះការបញ្ឈប់ភ្លាមៗនៃសេដ្ឋកិច្ចពិភពលោកគឺហានិភ័យនៃការក្ស័យធន និងអត្រាបាត់បង់ការងារ។
លោកស្រីបាននិយាយថា នេះមិនត្រឹមតែអាចធ្វើឱ្យអន្តរាយដល់ការងើបឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែវាអាចបំផ្លាញដល់សង្គមពិភពលោកផងដែរ។
IMF និងក្រុមសេដ្ឋវិទូនៅទូទាំងពិភពលោកបានព្យាករណ៍រួចហើយថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចដែលបណ្តាលមកពីជំងឺកូវីដ១៩ទំនងជានឹងជៀសមិនរួច ហើយធ្ងន់ធ្ងរ។
តើវាមានន័យយ៉ាងដូចម្តេច?
IMF ចាត់ទុកវិបត្តិសេដ្ឋកិច្ចពិភពលោកថាជារយៈពេលមួយ នៅពេលដែលកំណើនសេដ្ឋកិច្ចធ្លាក់ចុះ ហើយអត្រាអត់ការងារធ្វើកើនឡើង។
វាជារយៈពេលបន្តណាមួយនៃការធ្លាក់ចុះសេដ្ឋកិច្ចនៅជុំវិញពិភពលោក។
ទោះបីជាមិនមាននិយមន័យជាផ្លូវការនៃវិបត្តិសេដ្ឋកិច្ចក៏ដោយ ការធ្លាក់ចុះសេដ្ឋកិច្ចបែបនេះ ទំនងជាមានរយៈពេលច្រើនជាង ពីរ ទៅបីខែ ដែលជាធម្មតាអាចមើលឃើញនៅក្នុងផ្នែកផលិតកម្ម ការងារប្រាក់ចំណូលពិតប្រាកដ និងសូចនាករផ្សេងទៀត។
ពិភពលោកធ្លាប់មានវិបត្តិសេដ្ឋកិច្ចចុងក្រោយនៅចន្លោះឆ្នាំ ២០០៨ និង ២០០៩ នៅពេលដែលបណ្តាប្រទេសដូចជាសហរដ្ឋអាមេរិក និងប្រទេសនៅអ៊ឺរ៉ុបជួបប្រទះនឹងអត្រាអត់ការងារធ្វើកើនឡើង ប្រាក់ចំណេញរបស់ក្រុមហ៊ុនធ្លាក់ចុះ ទីផ្សារហិរញ្ញវត្ថុបានធ្លាក់ចុះ ហើយវិស័យផ្ទះសម្បែង ឬអចលនទ្រព្យបានដួលរលំ។
ថ្មីៗនេះ IMF បានធ្វើការតស៊ូមតិ ដើម្បីលើកលែងបំណុលសម្រាប់ប្រទេសក្រីក្របំផុត ប៉ុន្តែកិច្ចប្រជុំកំពូលនៃមេដឹកនាំ G20 ដែលបានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ មិនបានដោះស្រាយអ្វីទាំងអស់អំពីបញ្ហានេះនៅក្នុងសេចក្តីប្រកាសចុងក្រោយរបស់ពួកគេ៕
ប្រភព៖ The New York Times ប្រែសម្រួល៖ ចាប មិថុនា