ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្តុះបណ្តាល ស្ដីពី ប្រព័ន្ធគ្រប់គ្រងទិន្នន័យពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការដកពិន្ទុលើបណ្ណបើកបរ
ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ បានរៀបចំវគ្គបណ្តុះបណ្តាល ស្ដីពី ប្រព័ន្ធគ្រប់គ្រងទិន្នន័យពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការដកពិន្ទុលើបណ្ណបើកបរ សរុបទាំងអស់ចំនួន ៥៧រូប រួមជាមួយនឹងគ្រូបង្គោលចំនួន ៣ មកពីអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងគ្រូបង្គោលក្រុមហ៊ុនទ្រូម៉ាន់នី (True Money)។
ថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្ដម ប៉ែន បូរាណ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្ដីពី ប្រព័ន្ធគ្រប់គ្រងទិន្នន័យពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងការដកពិន្ទុលើបណ្ណបើកបរដោយមានការចូលរួមពី ឯកឧត្តមនាយឧត្តម សេនីយ៍ ហ៊ឹម យ៉ាន អគ្គស្នងការរងនៃអគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ លោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ តំណាងនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងតំណាងក្រុមហ៊ុនទ្រូម៉ាន់នី (True Money)។
វគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីសិក្ខាកាមមកពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈចំនួន១៥រូប ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចំនួន ១៦រូប ស្នងការដ្ឋាននគរបាលខេត្តកណ្តាលចំនួន ១៥រូប ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចំនួន ១១រូប សរុបទាំងអស់ចំនួន ៥៧រូប រួមជាមួយនឹងគ្រូបង្គោលចំនួន ៣ មកពីអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងគ្រូបង្គោលក្រុមហ៊ុនទ្រូម៉ាន់នី (True Money)។
វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការសម្របសម្រួលដោយនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងនាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក និង សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ ក្នុងគោលបំណងបង្កើនសមត្ថភាពមន្ត្រីនគរបាលចរាចរណ៍អំពីការប្រើប្រាស់បច្ចេកវិទ្យាថ្មីនៃកម្មវិធីដកពិន្ទុបណ្ណបើកបរ និងផាកពិន័យបទល្មើសចរាចរណ៏ផ្លូវគោក ( Driver’s License Point Deduction and Fine Mobile App) តាមរយៈការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា (POS) និងបង្ហាញនូវនីតិវិធីប្រតិបត្តិការគ្រប់គ្រងព័ត៌មាន រក្សាទុកទិន្នន័យនៃការផាកពិន័យបទល្មើសចរាចរណ៍ដើម្បីឱ្យសិក្ខាកាមដែលជាមន្ត្រីនគរបាលចរាចរណ៍អាចប្រើប្រាស់ក្នុងការអនុវត្តជាក់ស្តែងបានផងដែរ។
សូមជម្រាបថា ការបង្កើតកម្មវិធី Mobile App នេះឡើងជាគំនិតផ្ដួចផ្ដើមមួយ ដើម្បីចូលរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាការរឹតបន្តឹងលើការងារអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកឱ្យកាន់តែមានប្រសិទ្ធភាព៕
Join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន