ក្រសួងព័ត៌មាន ត្រៀមទីកន្លែងរួចរាល់សម្រាប់ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់ថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងអ្នកសារព័ត៌មានជាង៥ពាន់នាក់ ក្នុងសប្ដាហ៍នេះ
មន្រ្ដីជាន់ខ្ពស់ក្រសួងព័ត៌មានបានលើកឡើងថា រហូតមកដល់ពេលនេះ ក្រសួងបានរៀប ចំត្រៀមទីកន្លែងរួចរាល់សម្រាប់ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់ថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងអ្នកសារព័ត៌មានសរុបជាង ៥ ០០០ នាក់ ដែលនឹងត្រូវធ្វើឡើងនៅក្នុងសប្ដាហ៍នេះ។
ឯកឧត្ដម ទន់ សារ៉ាត រដ្ឋលេខាធិការ និងជាអនុប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌក្រសួងព័ត៌មានបានប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ឱ្យដឹងនាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះថា រហូតមកដល់ពេលនេះ ក្រសួងបានត្រៀមរៀបចំទីកន្លែងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដល់ថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងអ្នកសារព័ត៌មានសរុបជាង ៥ ០០០ នាក់ ដែលនឹងត្រូវធ្វើឡើងនៅក្នុងសប្ដាហ៍នេះរួចរាល់អស់ហើយ ដោយមានចាប់ពីកន្លែងរង់ចាំ កន្លែងពិភាក្សាជាមួយគ្រូពេទ្យ កន្លែងសង្គ្រោះ បន្ទប់គ្រូពេទ្យចាក់វ៉ាក់សាំង ព្រមទាំងបានចាត់ចែងក្រុមការងារចាក់វ៉ាក់សាំងរួចរាល់ហើយដែរ ដោយរៀបចំទៅតាមមុខងារ តួនាទី និងការទទួលខុសត្រូវតាមផ្នែកនីមួយៗ ដោយរង់ចាំតែខាងក្រសួងសុខាភិបាលមកពិនិត្យ និងសម្រេចតែប៉ុណ្ណោះ។ ឯកឧត្ដមបានបញ្ជាក់ថា ការរៀបចំចាក់វ៉ាក់សាំងនៅក្នុងក្រសួងព័ត៌មាននេះ បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ និងដោយអនុវត្ដន៍តាមបទបញ្ជារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ឱ្យរៀបចំបញ្ជីឈ្មោះមន្រ្ដីរាជការ និងអ្នកសារព័ត៌មានដែលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងកូវីដ១៩ ព្រមទាំងការដាក់ផែនការជំរុញឱ្យក្រសួងរៀបចំការចាក់វ៉ាក់សាំងឱ្យបានលឿន ក្នុងខណៈវ៉ាក់សាំងបានដឹកមកដល់កម្ពុជា១,៥លានដូស និងបន្ដនាំវ៉ាក់សាំងមកជាបន្ដបន្ទាប់ទៀតនោះ។
ឯកឧត្ដមរដ្ឋលេខាធិការបន្ដថា ការរៀបចំចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅក្នុងក្រសួងព័ត៌មាននេះ គឺដើម្បីងាយស្រួលក្នុងការគ្រប់គ្រងចំនួនមនុស្សដែលមកចាក់វ៉ាក់សាំង ដោយសារតែក្រសួងព័ត៌មានគឺមានមនុស្សច្រើន និងរួមទាំងអ្នកសារព័ត៌មានផងដែរ។ ឯកឧត្ដមបានពន្យល់ថា ចំពោះអ្នកដែលមកចាក់វ៉ាក់សាំង គឺធ្វើឡើងកំណត់មនុស្សទៅតាមថ្ងៃ និងការកំណត់ពេលវេលាជាក់លាក់ ហើយធ្វើទៅតាមចំនួនមនុស្សនៅក្នុងអគ្គនាយកដ្ឋាននីមួយៗដែលចំណុះឱ្យក្រសួងព័ត៌មាន ព្រមទាំងតាមបញ្ជីឈ្មោះអ្នកសារព័ត៌មានដែលអង្គភាពសារព័ត៌មានបានបញ្ជូនឈ្មោះមកក្រសួងព័ត៌មានរួច។ ឯកឧត្ដមបានអះអាងថា ការធ្វើដូច្នេះគឺដើម្បីកុំឱ្យមានលំហូរមនុស្សសម្រុកមកចាក់វ៉ាក់សាំងមានចំនួនច្រើន និងមកប្រជ្រៀតគ្នា ដោយរក្សាឱ្យមានគម្លាតសុវត្ថិភាព។
ឯកឧត្ដមបានបន្ថែមថា “ការចាក់វ៉ាក់សាំងនេះ គឺសម្រាប់ថ្នាក់ដឹកនាំ ទីប្រឹក្សា មន្រ្ដីរាជការ មន្រ្ដីជាប់កិច្ចសន្យានៃក្រសួងព័ត៌មាន និងគ្រប់អង្គភាពសារព័ត៌មានឯកជនទាំងអស់ រួមមានទាំងវិទ្យុ ទូរទស្សន៍ គេហទំព័រ និងអ្នកសារព័ត៌មានដែលបានប្រកបវិជ្ជាជីវៈនៅក្នុងប្រទេសកម្ពុជា។ សម្រាប់ការរៀបចំនេះ គឺដើម្បីកាត់បន្ថយការប្រមូលផ្ដុំគ្នាច្រើន ជាពិសេសការរៀបចំគ្រប់គ្រងមួយបានច្បាស់លាស់ ដោយអនុវត្ដន៍ទៅតាមវិធានការរបស់ក្រសួងសុខាភិបាល”។
បើតាមការបញ្ជាក់របស់ឯកឧត្ដម ផុស សុវណ្ណ ប្រភិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងជាអនុប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខ័ណ្ឌក្រសួងព័ត៌មានបានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ មានម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានដែលចុះឈ្មោះដោយស្ម័គ្រចិត្ដក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅក្រសួងព័ត៌មានសរុបជាង ៤ ០០០ នាក់។ ឯកឧត្ដមបានបន្ដថា ចំពោះថ្នាក់ដឹកនាំ មន្រ្ដីរាជការក្រសួង ព័ត៌មានដែលបានចុះឈ្មោះចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ដសរុបជាង ១ ០០០ នាក់។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ការចុះឈ្មោះរបស់ថ្នាក់ដឹកនាំ មន្រ្ដីរាជការ ក្រសួងព័ត៌មាន និងអ្នកសារព័ត៌មានដែលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ មានចំនួន ៥ ៣៩៥ នាក់ ក្នុងនោះ ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការក្រសួងព័ត៌មានសរុបចំនួន ១ ០៧៥ នាក់ និងអ្នកសារព័ត៌មានសរុបចំនួន ៤៣២០នាក់៕
ប្រភព: ក្រសួងព័ត៌មាន