ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និង កំពង់ផែពហុបំណង

កំពត៖ ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញ អមដំណើរឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងរបស់ក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត នៅភូមិចង្ហោន សង្កាត់ ព្រែក ត្នោត ក្រុងបូកគោ ខេត្តកំពត។

 
ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និង កំពង់ផែពហុបំណង

កម្មវិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល អ្នកឧកញ៉ា លោកឧកញ៉ា ប្រធានក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត និងតំណាងមកពីវិស័យឯកជនទាំងអស់ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពត ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ បងប្អូនប្រជាពលរដ្ឋ។

ថ្លែងក្នុងរបាយការណ៍ស្វាគមន៍គោរពជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងអង្គពិធីទាំងមូល ឯកឧត្តមទេស រដ្ឋមន្ត្រី បានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់នៃមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត ក្នុងការលើកដាក់ ផ្ទេរ ទំនិញចេញ-ចូល ទៅកាន់ទីផ្សារអន្តរជាតិ ដែលនឹងនាំមកនូវភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ ដល់ពាណិជ្ជករ និងអ្នកវិនិយោគ នៅក្នុងការនាំចេញផលិតផលកសិកម្ម ឧស្សាហកម្ម និងនេសាទ ទៅលក់នៅទីផ្សារនៅក្នុងតំបន់ និងពិភពលោក ក៏ដូចជាចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យភស្តុភាកម្ម និងកំពង់ផែនៅកម្ពុជា សំដៅជួយលើកកម្ពស់ជីវភាពរស់នៅជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដើម្បីសម្រេចបាននូវទិសដៅកំណើនសេដ្ឋកិច្ចតាមការរំពឹងទុក។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែ ពហុបំណងកំពត នឹងក្លាយជាកំពង់ផែទឹកជ្រៅ និងធំមួយទៀតនៅកម្ពុជា និងដ៏ទំនើបលំដាប់អន្តរជាតិនៅក្នុងតំបន់អាស៊ាន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនកំពតឡូជី ស្ទីក អេន ផត ដែលបានបោះទុនដ៏ច្រើនវិនិយោគលើការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យភស្តុភារកម្ម និងកំពង់ផែនៅកម្ពុជា សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរចំពោះក្រុមហ៊ុនសំណង់សៀងហៃ (SCG) ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) និងក្រុមហ៊ុនសំណង់ផ្សេងៗទៀត  ព្រមទាំងអាជ្ញាធរ ដែនដីខេត្តកំពត និងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការល្អក្នុងពេល ចុះសិក្សា និងសម្របសម្រួលឱ្យគម្រោងនេះមានដំណើរការឈានមកដល់ការប្រារព្ធធ្វើពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នាពេលនេះ។

ទីតាំងគម្រោងនេះ ស្ថិតនៅក្នុងតំបន់ដែលមានអំណោយផលក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក ផ្លូវគោក និងផ្លូវដែក មកកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តនានា តាមរយៈផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវជាតិលេខ៤៨ និងតភ្ជាប់ផ្លូវដែកភាគខាងត្បូង ទៅភាគខាងជើងនៃប្រទេស។

គម្រោងវិនិយោគនេះ មានផែនការអនុវត្តជា៣ដំណាក់កាល ជាមួយនឹងដើមទុនវិនិយោគសរុបប្រមាណ ១៥០០ លានដុល្លារអាមេរិក ដែលនៅក្នុងផែនការដំណាក់កាលទី១ គឺមានចំនួនប្រមាណ ២០០ លានដុល្លារអាមេរិក។

ចំពោះទីតាំងកំពង់ផែពហុបំណងមានជម្រៅទឹកប្រមាណ១៥ម៉ែត្រ និងអាចឱ្យនាវាចំណុះ១០០.០០០ តោន អាចចូលចតបាន និងមានសមត្ថភាពខ្ពស់ក្នុងការលើកដាក់ទំនិញចេញ-ចូល បានចំនួនប្រមាណ ៣០០.០០០ TEU នៅក្នុងឆ្នាំ២០២៥ និងប្រមាណ ៦០០.០០០ TEU នៅក្នុងឆ្នាំ២០៣០៕

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

សូមចុច join Telegram https://t.me/cngtvcambodia