ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចេញសេចក្តីប្រកាសគាំទ្រសារពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ...
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ចេញសេចក្តីប្រកាសគាំទ្រទាំងស្រុង នូវសារនយោបាយពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែង នៅរសៀលថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការរៀបចំ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
សារនយោបាយពិសេសរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រកសថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ជាការសម្រេចចិត្ត ដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិត សម្រាប់បន្តបេសសកម្មដឹកនាំប្រទេសកម្ពុជាឲ្យមាន សុខសន្តិភាពកាន់តែរឹងមាំ ស្ថិរភាព នយោបាយជានិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិកាន់តែប្រសើរឡើងលើគ្រប់វិស័យ ជាពិសេស ប្រជាជនកាន់តែមានជីវភាពធូរធារ និងពោរពេញដោយក្តីសង្ឃឹមយ៉ាងរឹងមាំចំពោះអនាគតរបស់អ្នកជំនាន់ក្រោយ។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមប្រកាសគាំទ្រដោយឥតងាករេចំពោះការសម្រេចចិត្តក្នុងសារនយោបាយពិសេសរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសូមប្រកាសគាំទ្រទាំងស្រុងចំពោះ ឯកឧត្តមបណ្ដិត ហ៊ុន ម៉ាណែត សម្រាប់កាន់តួនាទីជានាយករដ្ឋមន្ត្រីថ្មី សម្រាប់អាណត្តិទី៧នេះ។
ជាមួយនេះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សូមលើកហត្ថប្រណមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំប្រទានព័រជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រាប់ប្រការ ជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី៕
ប្រភព៖ ក្រសួងព័ត៌មាន