អាជីវករលើវិស័យទេសចរណ៍ ចាត់ទុកវេទិកាទេសចរណ៍អាស៊ាន ជាឱកាសជួយឱ្យវិស័យទេសចរណ៍រស់ឡើងវិញ
(ព្រះសីហនុ)៖ វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ដែលរៀបចំឡើងនៅក្នុងខេត្តព្រះសីហនុ បានរៀបចំឱ្យមានការតាំងពិព័រណ៍ផលិតផលទេសចរណ៍ ដើម្បីផ្តល់ឱកាសឱ្យប្រតិបត្តិករ និងអ្នករកស៊ីលើវិស័យទេសចរណ៍មានឱកាសបង្ហាញ និងលក់ផលិតផលទេសចរណ៍របស់ពួកគេ។
អាជីវករលើវិស័យទេសចរណ៍ផ្នែកសណ្ឋាគារ អ្នកផ្តល់សេវាកម្មរៀបចំដំណើរកម្សាន្ត និងការដឹកជញ្ជូនអ្នកទេសចរជាដើម បានចូលតាំងបង្ហាញនូវសេវាកម្មរបស់ពួកគេក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នាខេត្តព្រះសីហនុនៅក្នុងសប្តាហ៍នេះ។
លោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បាននាំយកសមាជិកសមាគមរបស់ខ្លួនប្រមាណ ៣០ក្រុមហ៊ុនចូលរួមតាំងពិព័រណ៍ទេសចរណ៍អាស៊ាន។ ក្រុមហ៊ុនដែលបានចូលរួម មានដូចជាអ្នកបដិសណ្ឋារកិច្ច អ្នកផ្តល់សេវាកម្មដឹកជញ្ជូនភ្ញៀវ សេវាកម្មដឹកនាំភ្ញៀវ ជាទីភ្នាក់ងារទេសចរណ៍ និងជាអ្នកច្នៃកញ្ចប់សេវាទេសចរណ៍ជាដើម។
លោកជំទាវ បានឱ្យដឹងថា នៅក្នុងពិព័រណ៍នេះ អ្នកចូលរួមទទួលបានកិច្ចសន្ទនា ការស្វែងរកដៃគូ ជាមួយប្រតិបត្តិករទេសចរណ៍ដែលមកពីប្រទេសផ្សេងៗ ហើយបានជួបប្រាស្រ័យទាក់ទងក្នុងការធ្វើកិច្ចសហប្រតិបត្តិការក្នុងការធ្វើធុរកិច្ចក្នុងវិស័យទេសចរណ៍។
លោកជំទាវ ឆាយ ស៊ីវលីន បានគូសបញ្ជាក់យ៉ាងដូច្នេះ «វេទិកានេះ បានផ្តល់ឱ្យកម្ពុជាយើង បានបង្ហាញសក្តានុពលនៃតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា បានបង្ហាញនូវវប្បធម៌ បានបង្ហាញនូវទំនៀមទម្លាប់ បង្ហាញនូវប្រពៃណី បានបង្ហាញពីអត្តចរិតរបស់កម្ពុជា ភាពញញឹមរបស់កម្ពុជា ឱ្យពិភពលោកបានឃើញ។ យើងមានឱកាសផ្សព្វផ្សាយនូវអ្វីដែលកម្ពុជាមាន»។
«យើងជឿជាក់ថា កំណើនទេសចរនឹងមាននាពេលអនាគត ហើយជាអត្ថប្រយោជន៍សម្រាប់អ្នករកទទួលទានផ្នែកទេសចរណ៍។ ខ្ញុំជឿជាក់ថា វេទិកានេះជាឱកាសដ៏ល្អមួយសម្រាប់ពួកយើងទាំងអស់គ្នា ដែលរកទទួលទានលើវិស័យទេសចរណ៍»។ នេះជាការបញ្ជាក់របស់លោក ស៊ូ សាយ។
លោក ស៊ូ សាយ ហៅធំ បានគូសបញ្ជាក់ទៀតថា «ជាការពិតណាស់ព្រឹត្តិការណ៍ទេសចរណ៍អាស៊ាននេះ បានផ្តល់ឱកាសច្រើនសម្រាប់ជួបជាមួយភ្នាក់ងារអ្នកទិញមកពីគ្រប់បណ្តាប្រទេស ជាពិសេសនៅក្នុងអាស៊ាន ដោយយើងបានណាត់ជួបគាត់ ពិភាក្សាគ្នាពីការផ្លាស់ប្តូរទេសចរណ៍ ជាពិសេសកញ្ចប់ទេសចរណ៍ក្រុមហ៊ុនដែលគាត់បានចូលរួម»។
អ្នកនាង សេង ស្រីរិទ្ធ បានបញ្ជាក់បែបនេះ «ពេលខ្ញុំបានមកចូលរួមព្រឹត្តិការណ៍វេទិកាអាស៊ានលើកទី៤០ នៅខេត្តព្រះសីហនុ សម្រាប់ចំណាប់អារម្មណ៍ខ្ញុំ គឺវាមានភាពប្រសើរច្រើន ដោយសារយើងមើលឃើញពីសក្តានុពលនៃភ្ញៀវទេសចររបស់យើងចាប់ផ្តើមកម្រើកឡើងមកវិញ។ ខ្ញុំគិតថា វាប្រសើរមែនទែន ដែលរាជរដ្ឋាភិបាលរៀបចំកម្មវិធីនេះឡើង គឺជួយដល់វិស័យទេសចរណ៍របស់ពួកខ្ញុំច្រើនក្នុងការប្រម៉ូតឱ្យមានសកម្មភាពឡើងមកវិញ។ វាជាឱកាសបើកមុខមាត់សណ្ឋាគារយើងឡើងមកវិញ ហើយយើងនឹងប្រម៉ូតជាមួយភ្ញៀវឡើងមកវិញ»។
លោក ថន ស៊ីណាន ប្រធាន សមាគម ទេសចរណ៍ អាស៊ី ប៉ាស៊ីហ្វិក ក៏បានដឹកនាំសមាជិកសមាគមរបស់ខ្លួនប្រមាណជា ២០ក្រុមហ៊ុនចូលរួមពិព័រណ៍នេះផងដែរ។ លោកក៏បានសម្តែងក្តីរីករាយចំពោះការរៀបចំឱ្យមានព្រឹត្តិការណ៍ពិព័រណ៍អាស៊ាននេះផងដែរ។
លោក ថន ស៊ីណា បានគូសបញ្ជាក់បែបនេះ «ជាឱកាសខ្លាំងមែនទែន ពីព្រោះវេទិកាទេសចរណ៍អាស៊ាននេះ កម្ពុជាយើងបានបំបែកកំណត់ត្រាពិភពលោកមួយ។ អ៊ីចឹងសម្រាប់ខ្ញុំមានតម្លៃខ្លាំងនៅត្រង់ថា នៅប្លុកអាស៊ានទាំង១០ មិនទាន់មានប្រទេសណាមួយមានសេចក្តីក្លាហានក្នុងការរៀបចំតាំងពិព័រណ៍អន្តរជាតិនេះទេ មានតែកម្ពុជាមួយគត់ ដែលមានសេចក្តីក្លាហានក្នុងការរៀបចំពិព័រណ៍។ អ៊ីចឹងនេះ ជាវេទិកាសម្រាប់ផ្តល់ការផ្លាស់ប្តូរចំណេះដឹង វេទិកាផ្លាស់ប្តូរទំនាក់ទំនង និងពាណិជ្ជកម្ម»។
លោក ថន ស៊ីណា បានបង្ហាញក្តីរំពឹងទុករបស់ខ្លួនយ៉ាងដូច្នេះ «ពួកយើងមានក្តីរំពឹងខ្ពស់ថា ទេសចរណ៍ចាប់ពីពេលនេះទៅ នឹងមានការប្រែមុខមាត់ថ្មី ហើយខ្ញុំជឿងថា ចរន្តទេសចរណ៍តិច ឬច្រើន នឹងចាប់ផ្តើមឡើងវិញ»៕
សូមចុច join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងទេសចរណ៍