ឯកឧត្ដម ប៉ាន សូរស័ក្ដិ និង ឯកឧត្តមសាស្រ្តចារ្យ Vahit KİRİŞCİ បានដឹកនាំកិច្ចប្រជុំលើកទី៣ គណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋតួកគី
(ភ្នំពេញ)៖ នារសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣កាលពីម្សិលមិញ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមបណ្ឌិត វ៉ាហ៊ីត គីរីស៊ី (Vahit KIRIŞCI) រដ្ឋមន្រ្តីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់នៃសាធារណរដ្ឋតួកគី បានចូលរួមជាអធិបតីដឹកនាំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា-តួកគី ដែលបានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃគឹតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅសណ្ឋាគាររ៉ាហ្វលឡឺរ៉ូយ៉ាល់ (Raffles Hotel Le Royal) រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីមន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញមកពីអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់ភាគីទាំងពីរ សរុបប្រមាណ ៨០ រូប។
ក្នុងអំឡុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា-តួកគី ឯកឧត្តមរដ្ឋមន្រ្តីទាំងពីររូប ដែលជាសហប្រធានគណៈកម្មការ បានគូសបញ្ជាក់ពីឆន្ទៈនិងគោលជំហរដ៏មោះមុតក្នុងការបន្តពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ តាមរយៈការអនុវត្តសកម្មភាពការងារដូចមានព្រមព្រៀងក្នុងកំណត់ហេតុរួមនៃកិច្ចប្រជុំលើកទី៣ ដែលគ្របដណ្តប់លើវិស័យនិងអនុវិស័យសំខាន់ៗដូចជា៖
ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, កសិកម្ម, ឧស្សាហកម្ម, ទេសចរណ៍, វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ទូរគមនាគមន៍, សុខាភិបាល, អាកាសចរស៊ីវិល, ការដឹកជញ្ជូន, សហគ្រាសធុនតូចនិងមធ្យម, ស្តង់ដារ និងមាត្រាសាស្រ្ត, ធនធានទឹក, និងហាឡាល។-ល-។
លើសពីនេះ ភាគីទាំងពីរបានពិនិត្យលទ្ធភាពជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់រវាងប្រទេសទាំងពីរនាពេលខាងមុខ ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្មនិងវិនិយោគ ក៏ដូចជាជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ ព្រមទាំងបានឯកភាពជំរុញបន្ថែមលើការអនុវត្តកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នានានា ដែលបានចុះហត្ថលេខារួមគ្នាកន្លងមក ប្រកបដោយប្រសិទ្ធភាពខ្ពស់។
ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្រ្តីទាំងពីរ ក៏បានជួបពិភាក្សាការងារទ្វេភាគី ដើម្បីពិនិត្យនិងពិភាក្សាលើលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពល ជាពិសេសពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែប្រសើរបន្ថែមទៀត។ ក្នុងន័យនេះ ភាគីទាំងពីរបានបង្ហាញពីឆន្ទៈបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ១,០០០លានដុល្លារអាមេរិក តាមរយៈយន្តការនៃកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្ម (Preferential Trade Agreement-PTA) ដែលភាគីទាំងពីរនឹងពិភាក្សាលម្អិត នាពេលសមស្របខាងមុខ។ បន្ថែមពីនេះ ភាគីទាំងពីរបានឯកភាពជំរុញការធ្វើពាណិជ្ជកម្មនិងវិនិយោគលើផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម រួមមាន៖ អង្ករ កៅស៊ូ ដំឡូង ចេក ស្វាយ ម្នាស់ និងពោត។
សូមបញ្ជាក់ថា៖ គឹតត្រឹម១១ខែនៃឆ្នំា២០២៣ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-តួកគីសម្រេចបានប្រមាណ ១៣៦ លានដុល្លាអាមេរិក ជាមួយនឹងអត្រាកំណើនប្រមាណ ៦៤% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១៕
Join Telegram https://t.me/cngtvcambodia
ប្រភព៖ ក្រសួងពាណិជ្ជកម្ម