ពលរដ្ឋជាង ៤០ ភាគរយនៅនីហ្សេរីយ៉ាជាប្រទេសនាំចេញប្រេងកំពូលនៅទ្វីបអាហ្វ្រិក រស់នៅក្នុងភាពក្រីក្រ

យោងតាមតួលេខដែលបានចេញផ្សាយដោយការិយាល័យស្ថិតិបានបង្ហាញថា ប្រជាជន ៤០ ភាគរយនៅក្នុងប្រទេសនីហ្សេរីយ៉ារស់នៅក្នុងភាពក្រីក្រ ដោយរបាយការណ៍នោះបានបញ្ជាក់អំពីកម្រិតទាបនៃប្រាក់ចំណូលនៅក្នុងប្រទេសនីហ្សេរីយ៉ាដែលមានសេដ្ឋកិច្ចធំបំផុតនៅទ្វីបអាហ្វ្រិក។

 
ពលរដ្ឋជាង ៤០ ភាគរយនៅនីហ្សេរីយ៉ាជាប្រទេសនាំចេញប្រេងកំពូលនៅទ្វីបអាហ្វ្រិក រស់នៅក្នុងភាពក្រីក្រ

យោងរបាយការណ៍អំពីភាពក្រីក្រ និងវិសមភាពចាប់ពីខែកញ្ញា ឆ្នាំ ២០១៨ ដល់ខែតុលា ឆ្នាំ២០១៩ របស់ការិយាល័យស្ថិតិបានឲ្យដឹងថា ពលររដ្ឋជាង ៤០ ភាគរយនៅក្នុងប្រទេសនីហ្សេរីយ៉ា ដែលមានប្រជាជនច្រើនជាងគេនៅទ្វីបអាហ្រ្វិក រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ពោលគឺអាចរកប្រាក់ចំណូលប្រចាំឆ្នាំបានត្រឹមតែប្រមាណ ១៣៧,៤៣០ ណៃរ៉ា ឬស្នើរប្រមាណ ៣៨១.៧៥ ដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ ដោយរបាយការណ៍នេះតំណាងឱ្យប្រជាជនចំនួន ៨២,៩ លាននាក់ ដែលនេះមានន័យថា ប្រជាជន ៤នាក់ ក្នុងចំណោម ១០ នាក់នៅនីហ្សេរីយ៉ារស់នៅក្រោមបន្ទាត់ក្រក្រីនេះ។

នីហ្សេរីយ៉ាគឺជាប្រទេសនាំចេញប្រេងកំពូលនៅទ្វីបអាហ្វ្រិក ដែលអាចរកលុយបានពីការលក់ប្រេងឆៅ ដែលមានចំនួនជាងពាក់កណ្តាលនៃប្រាក់ចំណូលរបស់រដ្ឋាភិបាល។ ប៉ុន្តែការបរាជ័យក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច និងការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងថាមពលដែលជាចំណុចចាំបាច់ បានរារាំងដល់ការរីកចម្រើននៃប្រទេសមួយនេះ។

សូមបញ្ជាក់ផងដែរថា ប្រទេសនីហ្សេរីយ៉ាបានប្រឈមផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារវិបត្តិសេដ្ឋកិច្ចរបស់ខ្លួនកាលពីឆ្នាំ២០១៩ ពោលគឺមុនពេលចូលមកដល់នៃវិបត្តិសេដ្ឋកិច្ចជាសាកលដែលបង្កដោយវីរុសកូវីដ១៩។

របាយការណ៍នោះ មិនរាប់បញ្ចូលរដ្ឋបូណូ ដែលជារដ្ឋរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយសារចលនាបះបោរបូកូហារ៉ាមអស់រយៈពេលជាងមួយទសវត្សរ៍ហើយនោះទេ ដោយសារតំបន់ជាច្រើននៅទីនោះមិនមានសុវត្ថិភាពអាចទៅដល់ឡើយ។

មនុស្សជិត ៨ លាននាក់ត្រូវការជំនួយមនុស្សធម៌នៅទូទាំងរដ្ឋបូណូ​ និងរដ្ឋជិតខាងចំនួន២ទៀត ដែលរងផលប៉ះពាល់ដោយកុប្បកម្ម។ នេះបើយោងតាមអង្គការសហប្រជាជាតិ។

ជាមួយគ្នានេះ របាយការណ៍ដដែលក៏បានបញ្ជាក់ផងដែរថា អាត្រានៃភាពក្រីក្ររបស់ប្រជាជនរស់នៅតំបន់ជនបទមានជាង ៥២% ប្រៀបធៀបនឹងប្រជាជនរស់នៅក្នុងទីក្រុងមានចំនួន ១៨%៕

ប្រភព៖ Reuters ប្រែសម្រួល៖ ចាប មិថុនា