កូរ៉េខាងជើង និងកូរ៉េខាងត្បូងផ្ទុះអាវុធដាក់គ្នានៅតាមព្រំដែន
ទីក្រុងសេអ៊ូល៖ កងទ័ពកូរ៉េខាងជើង និងកូរ៉េខាងត្បូងបានផ្ទុះអាវុធដាក់គ្នាយ៉ាងតានតឹងនៅតាមព្រំដែន កាលពីថ្ងៃអាទិត្យ ជាឧប្បត្តិហេតុដំបូងបង្អស់ចាប់តាំងពីប្រទេសទាំងពីរបោះជំហានគេចពីការប្រឈមមុខដាក់គ្នារវាងកងទាប់ជួរមុខកាលពីចុងឆ្នាំ២០១៨។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន AP នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២០។
អ្នកសង្កេតការណ៍នានាបានលើកឡើងថា ការប្រឈមមុខដាក់គ្នានៅតាមព្រំដែនរវាងប្រទេសទាំងពីរកើតមានឡើងម្តងម្កាល។ ឧប្បត្តិហេតុដែលបានកើតឡើងកាលពីថ្ងៃអាទិត្យ បង្ហាញឲ្យឃើញពីភាពតានតឹងឥតឈប់ឈររបស់ភាគីទាំងពីរ។
អ្នកសង្កេតការណ៍បានបញ្ជាក់ថា មិនមានអ្នកស្លាប់ និងរងរបួសឡើយនៅក្នុងការប៉ះទង្គិចគ្នានោះ ហើយស្ថានភាពក៏ហាក់មិនទាន់រីកធំជាងនេះដែរ។
អគ្គសេនាធិការចម្រុះនៅក្នុងទីក្រុងសេអ៊ូលបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពកូរ៉េខាងជើង បានបាញ់កាំភ្លើងជាច្រើនគ្រាប់ទៅកាន់ប៉ុស្ត៍ការពាររបស់កូរ៉េខាងត្បូងនៅក្នុងបន្ទាត់ព្រំដែន។ ជាការឆ្លើយតប កូរ៉េខាងត្បូងបានបាញ់តបវិញចំនួន២លើក មុនពេលចេញលិខិតព្រមាន។
សូមបញ្ជាក់ផងដែរថា ការផ្ទុះអាវុធដាក់គ្នានេះកើតឡើងបន្ទាប់ពីកូរ៉េខាងជើងបានបង្ហោះវីដេអូលោក គីម ជុងអ៊ុន បង្ហាញខ្លួនជាសាធារណៈជាថ្មី ក្រោយពេលអវត្តមានអស់រយៈពេលជាង២០ថ្ងៃ ស្របពេលដែលមានមន្ទិលសង្ស័យ និងពាក្យចចាមអារ៉ាមនានាជុំវិញបញ្ហាសុខភាពរបស់លោក។
ការផ្ទុះអាវុធលើកចុងក្រោយនៅតាមព្រំដែនរវាងភាគីទាំងពីរ កើតឡើងកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ ដោយទាហានកូរ៉េខាងជើងបានបាញ់រះទៅសហសេវិករបស់ខ្លួនម្នាក់ ដែលបានភៀសខ្លួនទៅកូរ៉េខាងត្បូង។ កាលណោះ កូរ៉េខាងត្បូងមិនបានបាញ់តបវិញឡើយ៕
ប្រភព៖ AP ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ