ជាង១០ថ្ងៃ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តទូទាំងប្រទេសកើនឡើងជិត២ម៉ឺន៥ពាន់គ្រឿង
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ចូនបានឲ្យដឹងថា ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឬជាទូទៅដែលគេស្គាល់ថា ឆៀក នៅទូទាំងប្រទេសមានចំនួន ២៤,៨៩៧ គ្រឿង ក្នុងរយៈពេល១០ថ្ងៃចុងក្រោយនេះ ពោលគឺគិតពីថ្ងៃទី២៣ ខែមេសា ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២០។
តាមទិន្នន័យរបស់ក្រសួងសាធារណៈការបានបង្ហាញថា ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តបានកើនឡើងយ៉ាងគំហុក ជាមធ្យមប្រមាណ៤ពាន់គ្រឿងក្នុងមួយថ្ងៃ រយៈពេល៤ថ្ងៃចុងក្រោយនេះ។
ក្រសួងបានបញ្ជាក់ថា ដោយមានការកើនឡើងយ៉ាងគំហុកនៃសេវាសាធារណៈនេះ នៅគ្រប់មណ្ឌលត្រួតពិនិត្យបច្ចេកទេសយានយន្តទាំងអស់បើកដំណើរការធម្មតាធ្វើការជារៀងរាល់ថ្ងៃ ពោលពីច័ន្ទរហូតដល់ថ្ងៃអាទិត្យ ចាប់ពីម៉ោង ០៨:០០ព្រឹក-០៥:០០ល្ងាច ដើម្បីសម្រួល និងពន្លឿនការផ្តល់សេវាជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ ក្រសួងសាធារណការក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ រក្សាគម្លាតតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបន្តប្រកាន់ភ្ជាប់គោលការណ៍អនាម័យ ពាក់ម៉ាសឲ្យត្រឹមត្រូវបើចាំបាច់ ដើម្បីការពារការរីករាលដាលជំងឺកូវីដ១៩ និងបន្តអំពាវនាវឲ្យពលរដ្ឋអត់ធ្មត់រង់ចាំទទួលសេវា ខណៈការត្រួតពិនិត្យនេះ ត្រូវការពេលវេលាពិនិត្យម៉ត់ចត់ ដើម្បីសុវត្ថិភាពពលរដ្ឋទាំងអស់គ្នា។
គេសង្កេតឃើញថា ការកើនឡើងនៃប្រជាពលរដ្ឋទៅទទួលសេវាត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត គឺបន្ទាប់ពីរដ្ឋាភិបាលបានចេញអនុក្រឹត្យបង្កើនការផាកពិន័យចំពោះអ្នកបើកបរល្មើសច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក ដោយគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកកំណត់ឲ្យអនុវត្តចាប់ពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ តទៅ៕
ដោយ៖ ចាប មិថុនា