តួលេខចំនួនយានយន្តកើនឡើងដល់ជាង ១៩ម៉ឺនគ្រឿង បានចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ក្នុងរយៈពេល១៥ថ្ងៃចុងក្រោយនេះ
រាជធានីភ្នំពេញ៖ បើតាមកំណត់ត្រាស្ថិតិយានយន្ត និងស្ថានភាពចរាចរណ៍ ដោយរាប់ចាប់ពីថ្ងៃបើកឱ្យដំណើរការសាកល្បង នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ (ម៉ោង ៧:០០នាទីព្រឹក) ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ (ម៉ោង ២៤:០០នាទីយប់) មានយានយន្តចំនួន ១៩០.៣៤៦គ្រឿង បានធ្វើចរាចរណ៍លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដោយបានចេញចូលតាមស្ថានីយទាំង ០៨ទីតាំង ខណៈដែលករណីគ្រោះថ្នាក់មានត្រឹមតែ ០,០០៤%តែប៉ុណ្ណោះ បើធៀបនឹងទំហំចរាចរណ៍ដែលបានកត់ត្រានេះ។

កំឡុងពេល ១៥ថ្ងៃនេះដែរ ថ្ងៃដែលមានលំហូរចរាចរណ៍មមាញឹកបំផុតគឺ ថ្ងៃទី១៥ ខែតុលា ដែលជាថ្ងៃប្រារព្ធព្រះរាជពិធីបុណ្យរំលឹកខួប១០ឆ្នាំ នៃការយាងសោយព្រះទិវង្គត របស់ព្រះបរមរតនកោដ្ឋ ហើយត្រូវនឹងថ្ងៃសៅរ៍ ចុងសប្តាហ៍ផងដែរ។ ក្នុងថ្ងៃនោះ មានយានយន្តសរុបចំនួន ២១.៧៩៨គ្រឿង បានធ្វើដំណើរលើផ្លូវល្បឿនលឿន។
សូមជម្រាបជូនដែរថា៖ ក្នុងចំណោមយានយន្តចំនួនជាង ១៩ម៉ឺនគ្រឿង ដែលបានចរាចរណ៍ក្នុងរយៈពេល១៥ថ្ងៃចុងក្រោយនេះ មានករណីត្រូវការ ការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះ សរុបចំនួន ៥០៦ខ្សែដែលបានធ្វើការទាក់ទងទៅកាន់លេខ១៣៩៩។
ក្រសួងសាធារណការ និងដឹកជញ្ជូន សូមស្នើឱ្យប្រជាពលរដ្ឋគ្រប់រូប ចូលរួមស្វែងយល់ និងអនុវត្តតាមសេចក្តីណែនាំឱ្យបានម៉ឺងម៉ាត់ចំពោះគ្រប់លក្ខខណ្ឌក្នុងការបើកបរលើផ្លូវល្បឿនលឿននេះ និងគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន ដើម្បីការធ្វើដំណើររបស់បងប្អូនប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព។
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន