វេសឡាញបើកកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយពីផែនការយុទ្ធសាស្រ្ត៥ឆ្នាំ ដើម្បីរក្សានិរន្តរភាពរបស់ខ្លួន និងពង្រីកបេសសកម្មអប់រំនៅតាមខណ្ឌ ស្រុក រាជធានី និងក្រុងបន្ថែមទៀត

កាលពីថ្ងៃទី១៤-១៥ ខែតុលា ឆ្នាំ២០២២កន្លងមកនេះ បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប បានរៀបចំកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយពីការរៀបចំផែនការយុទ្ធសាស្រ្ត៥ឆ្នាំ ២០២៣-២០២៧ ដល់ថា្នក់ដឹកនាំចំនួន៨០នាក់ នៅរមណីយដ្ឋានភូមិលម្ហែរបឹងអន្លង់ជ្រៃ ដើម្បីពិភាក្សា និងប្រមូលគំនិតយោបល់ ក្នុងទិសដៅអភិវឌ្ឍស្ថាប័នឲ្យកាន់តែរីកចម្រើនបន្ថែមទៀត និងរក្សានិរន្តរភាព ព្រមទាំងពង្រីកបេសសកម្មអប់រំនៅតាមខណ្ឌ ស្រុក រាជធានី និងក្រុងបន្ថែមទៀត។

 
វេសឡាញបើកកិច្ចប្រជុំពិភាក្សា និងផ្សព្វផ្សាយពីផែនការយុទ្ធសាស្រ្ត៥ឆ្នាំ ដើម្បីរក្សានិរន្តរភាពរបស់ខ្លួន និងពង្រីកបេសសកម្មអប់រំនៅតាមខណ្ឌ ស្រុក រាជធានី និងក្រុងបន្ថែមទៀត

ឧកញ៉ា ប៉ិច បូឡែន អគ្គនាយកបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុបបានមានប្រសាសន៍ថា “ កិច្ចប្រជុំពិភាក្សានៅថ្ងៃនេះ គឺជាធាតុផ្សំយ៉ាងសំខាន់ក្នុងការគិតគូរពីយុទ្ធសាស្រ្តក្នុងរយៈពេល៥ឆ្នាំទៅមុខទៀត តើយើងមានទិសដៅឆ្ពោះទៅណា? និងមានបេសសកម្មអ្វីបន្ថែមទៀត? ដើម្បីសម្រេចបាននូវសមិទ្ធិផលថ្មីៗសម្រាប់ស្ថាប័ន ក៏ដូចជាសង្គមជាតិ។ យុទ្ធសាស្រ្ត៥ឆ្នាំគឺជាផែនទីបង្ហាញផ្លូវដល់ស្ថាប័ន និងបុគ្គលិកគ្រប់រូប ដើម្បីរក្សានិរន្តរភាពស្ថាប័ន ក៏ដូចជាបន្តអភិវឌ្ឍខ្លួនជាប្រចាំក្នុងការឆ្លើយតបនឹងបម្រែបម្រួលកម្មវិធីសិក្សា និងពិភពអាជីវកម្ម ព្រមទាំងបចេ្ចកវិទ្យាផងដែរ”។

ពាក់ព័ន្ធនឹងមហិច្ឆតាពង្រីកបេសសកម្មអប់រំរបស់ខ្លួន ម្ចាស់គ្រឹះស្ថានអប់រំខាងបានបន្តទៀតថា “បណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប មានគម្រោងផ្តល់ និងបម្រើសេវាកម្មអប់រំពេញលេញ ដោយចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលតាមរយៈការសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងការងារ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ក្នុងការបើកសាលារៀន និងមជ្ឈមណ្ឌលបណ្តុះបណ្តាញជំនាញវិជ្ជាជីវៈផ្សេងៗ យ៉ាងតិច១០០ស្ថាប័ន ក្នុងអំឡុង៥ឆ្នាំ នៅតាមខណ្ឌ ស្រុក រាជធានី និងក្រុងក្នុងប្រទេសកម្ព្ចជា”។

លោកឧកញ៉ាក៏បានរំលឹកថា “ ថ្នាក់ដឹកនាំរបស់យើងមានវ័យចេះតែចម្រើនទៅមុខ ហើយស្ថាប័នរបស់យើងក៏ពង្រីកខ្លួនបន្ថែមជាបន្តបន្ទាប់ ដូចនេះការងារដឹកនាំ និងគ្រប់គ្រងក៏ត្រូវការបុគ្គលិកធនធានបន្ថែម និងបន្តធ្វើការងារនេះ ដើម្បីរក្សានិរន្តរភាពស្ថាប័នឲ្យគង់វង្សយូរអង្វែង។ ហើយអ្វីដែលយើងត្រូវធ្វើចាប់ពីពេលនេះ គឺត្រូវរៀបចំផែនការស្នងតំណែង និងការបណ្តុះបណ្តាលធនធានមនុស្សជំនាន់ថ្មី ដើម្បីទទួលភារកិច្ចទាំងនេះបន្ត”។

ក្នុងកិច្ចប្រជុំពិភាក្សានេះផ្តោតលើ៖ ១. ការជម្រុញគុណភាពអប់រំ និងសមិទ្ធិផលសិស្ស ២.ការអភិវឌ្ឍអាជីវកម្ម ការលក់ និងទីផ្សារ ៣.បរិស្ថានសាលារៀនស្អាត សប្បាយ និងសុវត្ថិភាព ៤.កំណើនសមិទ្ធិផលហិរញ្ញវត្ថុ ៥.ការកសាងទំនុកចិត្ត និងទំនាក់ទំនងល្អជាមួយអ្នកអាណាព្យាបាល ៦.ការបង្កើតធនធានបុគ្គលិកឆ្នើម  ៧.ការអនុវត្តកម្មវិធីLeaderInMe។ ចំណុចទាំង៧ខាងលើនេះក៏ត្រូវយកមកពិភាក្សាលើកិច្ចការល្អៗត្រូវបន្តធ្វើ កិច្ចការថ្មីត្រូធ្វើបន្ទាប់ និងកិច្ចការដែលត្រូវអភិវឌ្ឍអោយកាន់តែល្អប្រសើរ។

សូមជម្រាបថា បណ្តាញគ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាល វេសឡាញ អេឌ្យូខេសិន គ្រុប ផ្តល់សេវាកម្មអប់រំចំណេះទូទៅខ្មែរថ្នាក់ទី១ ដល់ទី១២ កម្មវិធីមត្តេយ្យភាសាខ្មែរនិងអង់គ្លេស កម្មវិធីភាសាអង់គ្លេសសម្រាប់មនុស្សពេញវ័យ កម្មវិធីភាសាចិន និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ២០០៨ រហូតដល់បច្ចុប្បន្ននេះ វេសឡាញ មានសាលារៀនវ៉េស្ទឡាញន៍ ១១សាខា សាលារៀនណត្សឡាញន៍ ១សាខា សាលាភាសាអង់គ្លេសលីឌឺលែន ១សាខា សាលារៀនសហគមន៍២១ ៣សាខា វិទ្យាស្ថានអភិវឌ្ឍវិស័យអប់រំ ១សាខា និងមានសាលាអន្តរជាតិ ហ្វររ៉េសហៀល ១សាខា ព្រមទាំងសិស្សជាង ១៣ ០០០នាក់ និងបុគ្គលិក ១២០០នាក់៕