សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកវេទិកាទេសចរណ៍អាស៊ាន នៅខេត្តព្រះសីហនុ
នៅល្ងាចថ្ងៃអង្គារ ១រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកវេទិកាទេសចរណ៍អាស៊ានលើកទី៤០ (ATF 2022) ដែលរៀបធ្វើឡើងនៅក្រុងព្រះសីហនុ។ កម្មវិធីនេះមានការចូលរួមពីបណ្ដាថ្នាក់ដឹកនាំ, រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងស្ថាប័នអង្គការពាក់ព័ន្ធនឹងវិស័យទេសចរណ៍ជាច្រើនទៀតផងដែរ។
តាមការឲ្យដឹងពីឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានដឹងថា វេទិកាទេសចរណ៍អាស៊ានលើកទី៤០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ត្រូវរៀបចំចាប់ពីថ្ងៃទី១៦-២២ ខែមករា ឆ្នាំ២០២២។ វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២២ គឺជាការបង្ហាញឱ្យឃើញនូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក៏ដូចជាប្រទេសសមាជិកអាស៊ានដទៃទៀត ក្នុងការធ្វើឱ្យវិស័យទេសចរណ៍មានដង្ហើមឡើងវិញ ក្រោយរងការវាយប្រហារយ៉ាងខ្លាំងពីវិបត្តិជំងឺកូវីដ-១៩ រយៈពេលប្រមាណ២ឆ្នាំកន្លងទៅនេះ។
វេទិកាទេសចរណ៍អាស៊ាននេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការប្រកាសបើកគោលដៅទេសចរណ៍ក្នុងតំបន់អាស៊ានឡើងវិញជាផ្លូវការ។ ព្រឹត្តិការណ៍អន្តរជាតិនេះនឹងជួយផ្សព្វផ្សាយពីប្រទេសកម្ពុជាជាគោលដៅទេសចរណ៍សុវត្ថិភាពមួយក្នុងតំបន់អាស៊ាន។
សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយ និងបានស្វាគមន៍យ៉ាងកក់កក្តីជាទីបំផុតចំពោះវត្តមានថ្នាក់ដឹកនាំ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានទាំងអស់ដែលបានអញ្ជើញមកកាន់ប្រទេសកម្ពុជានាពេលនេះ។ សម្តេចតេជោបានមានប្រសាសន៍ថា ដំណើរការប្រទេសឡើងវិញ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្រ្តស្តីពីការរស់នៅតាមបែបគន្លងថ្មី រួមទាំងកម្មវិធីស្តារកំណើនសេដ្ឋកិច្ចកម្ពុជា ជាមួយនឹងការរស់នៅតាមបែបគន្លងថ្មី។ សម្តេចតេជោបានប្រកាសគាំទ្រក្នុងការបើកទេសចរណ៍ផ្ទៃក្នុងអាស៊ានឡើងវិញ ពេលនេះ និងប្រកាសគាំទ្រនូវទេសចរណ៍វ៉ាក់សាំង នៅក្នុងតំបន់អាស៊ាន។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា កម្ពុជាពិតជាមានសេចក្តីរីករាយដោយសង្កេតឃើញការបើកប្រទេសឡើងវិញជាបណ្ដើរៗ នៅតាមបណ្ដាប្រទេសក្នុងតំបន់ និងពិភពលោក ជាពិសេសការរួមសាមគ្គីគ្នា និងសហការយ៉ាងសកម្មរវាងប្រជាជនអាស៊ាន ប្រទេសដៃគូ និងស្ថាប័នអន្តរជាតិក្នុងការឆ្លើយតបទៅនឹងការប្រឈមរួមរបស់តំបន់ និងសាកលលោក។
ឱកាសនេះផងដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានចែករំលែក និងផ្ដល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម:
១- ការបើកដំណើរការសកម្មភាពសង្គមសេដ្ឋកិច្ចពេញលេញ ឡើងវិញ ត្រូវបានវាយតម្លៃថា ស្ថិតក្នុងស្ថានភាពបន្ទាន់ និងត្រូវស្របតាមកន្លងប្រក្រតីភាពថ្មីសម្រាប់ប្រទេសទាំងអស់ក្នុងអាស៊ាន ដែលហៅថាស្ថានភាពទីផ្សារទេសចរណ៍ និងមានភាពតូចចង្អៀតជាមួយនឹងការប្រកួតប្រជែងកាន់តែខ្ពស់ ទាំងលើទិដ្ឋភាពនៃគុណភាពផលិតផល និងសេវាកម្មតម្លៃសមរម្យ ទំនុកចិត្តលើសុវត្ថិភាព នៃគោលដៅទេសចរណ៍វិធានការក្នុងការទប់ស្កាត់ គ្រប់គ្រងស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការសម្រួលដល់ការធ្វើដំណើរ។ ចំណុចនេះគឺជាកត្តាគន្លឹះសម្រាប់ការសម្រេចចិត្តរបស់ភ្ញៀវទេសចរក្នុងការជ្រើសរើសគោលដៅទេសចរណ៍ក្នុងបរិបទថ្មី។ ក្នុងន័យនេះ ផែនការស្ដារវិស័យទេសចរណ៍អាស៊ានក្រោយវិបត្តិកូេវីដ-១៩ នឹងក្លាយទៅជាគន្លឹះយុទ្ធសាស្ត្រសំខាន់សម្រាប់ការធ្វើឲ្យដំណើរការឡើងវិញជាបណ្ដើរៗ នៃការទទួលភ្ញៀវទេសចរអន្តរជាតិកដោយឈរលើគោលការណ៍រក្សាបាននូវគោលដៅរវាងសកម្មភាពសង្គមសេដ្ឋកិច្ច និងការធានាសុវត្ថិភាព និងសុខភាពសាធារណៈជាមួយនឹងកិច្ចខិតខំក្នុងការវិលត្រឡប់ឲ្យបានឆាប់ទៅរកប្រក្រតីភាពថ្មី នៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនអាស៊ាន។
២- សម្ដេចតេជោគាំទ្រគំនិតផ្តួចផ្តើមសម្រាប់បណ្ដាប្រទេសអាស៊ានក្នុងការរៀបចំអនុវត្តវិធានការសុខាភិបាលក្នុងសហគមន៍ទេសចរណ៍ ដែលជាការចូលរួមដ៏មានសារៈសំខាន់ក្នុងការធានាជូនដំណើរអាជីវកម្មទេសចរណ៍ឡើងផង និងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ តាមរយៈការអនុវត្តគោលការណ៍រួមជាអតិបរមា។ កម្ពុជាបច្ចុប្បន្នបាននិងកំពុងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវវិធានការសុវត្ថិភាពវិធីប្រតិបត្តិស្ដង់ដារសម្រាប់ប្រតិបត្តិលើការបើកដំណើរការអាជីវកម្មទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី។
៣- ក្នុងរយៈពេលដ៏ខ្លី អាស៊ានក៏ត្រូវគិតគូរជំរុញចលនាទេសចរណ៍ផ្ទៃក្នុងអាស៊ានបន្ថែមទៀតស្របតាមទស្សនៈ អាស៊ានដើម្បីអាស៊ាន ហើយសម្តេចគាំទ្រទាំងស្រុងនូវគំនិតផ្ដួចផ្ដើមបើកទេសចរណ៍ផ្ទៃក្នុងអាស៊ានក៏ដូចជាបើកតំបន់ទាំងមូលដើម្បីទទួលបាននូវការស្វាគមន៍ទេសចរអន្តរជាតិឡើងវិញ។ ក្នុងនាមកម្ពុជាជាប្រធានអាស៊ាន សម្ដេចគាំទ្រឲ្យរដ្ឋមន្ត្រីទេសចរណ៍អាស៊ានពិភាក្សាគ្នានិងឯកភាពគ្នា ប្រកាសបើកទេសចរណ៍អាស៊ានឡើងវិញនៅថ្ងៃស្អែក ចេញពីក្រុងព្រះសីហនុតែម្តង។ ដើម្បីធានាបាននូវជោគជ័យនៃការបើកទទួលទេសចរអន្តរជាតិឡើងវិញ គឺចាំបាច់ត្រូវធានាឱ្យបាននូវភាពជឿជាក់ និងទំនុកចិត្តថា ជាគោលដៅទេសចរណ៍អាស៊ានមានសុវត្ថិភាពដោយឈរលើអត្រានៃការចាក់វ៉ាក់សាំងជាសូចនាករគោល។ សម្ដេចតេជោគាំទ្រនូវកម្មវិធីទេសចរណ៍វ៉ាក់សាំងដែលបានដាក់ចេញតាមរយៈបណ្ដាប្រទេសអាស៊ាន និងគាំទ្រលើការដាក់ចេញយុទ្ធនាការអាស៊ានជាគោលដៅទេសចរណ៍ប្រកបដោយភាពកក់ក្តៅ និងសុវត្ថិភាព។
៤- រដ្ឋមន្ត្រីទេសចរណ៍អាស៊ានប្រទេសដៃគូអាស៊ាន និងថ្នាក់ដឹកនាំ អង្គការទេសចរណ៍ពិភពលោក ព្រមទាំងសមាគមទេសចរណ៍អាស៊ាន គួរបន្តពង្រឹងអភិវឌ្ឍមូលធនមនុស្ស ខិតខំអនុវត្តប្រកបដោយកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ព្រមទាំងបង្កើនការផ្លាស់ប្ដូរ ចែករំលែកបទពិសោធន៍ល្អៗជុំវិញការទាក់ទាញ និងការអភិវឌ្ឍទេពកោសល្យ ដោយគិតគូរផងដែរនូវការជំរុញកម្មវិធីអក្ខរកម្មឌីជីថល ការជំរុញសហគ្រិនវ័យក្មេង និងជួយគាំទ្រសិប្បកម្មសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យទេសចរណ៍ដល់កម្រិតមូលដ្ឋាន និងត្រូវទាញអត្ថប្រយោជន៍ ពីនាវានុវត្ត ការភ្ជាប់ឌីជីថល និងបដិវត្តឧស្សាហកម្ម ៤.០ ដើម្បីអភិវឌ្ឍទេសចរណ៍អាស៊ានប្រកបដោយភាពឆ្លាតវៃចីរភាព និងបរិយាប័ន្ន។
៥- អាស៊ានត្រូវរួមគ្នាជំរុញមើលឡើងវិញនូវវិស័យទេសចរណ៍ប្រកបដោយភាពធន់ និងឆ្ពោះទៅអនាគតកាន់តែប្រសើរជាងមុនប្រកបដោយគុណភាព ចីរភាព និងបរិយាបន្ន ។ ក្នុងន័យនេះសម្ដេចតេជោសូមអំពាវនាវឲ្យអាស៊ានបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាដៃគូសន្ទនា និងដៃគូអភិវឌ្ឍន៍នានា និងកសាងភាពជាដៃគូឯកជន ក្នុងប្រទេស ក្នុងតំបន់ និងពិភពលោកឆ្ពោះទៅរកភាពរីកចម្រើនវិស័យទេសចរណ៍ប្រកបដោយភាពធន់តាមកន្លងប្រក្រតីភាពថ្មី និងនាំមកនូវវិបុលភាពរបស់អាស៊ានទាំងមូល៕
សូមចុច join Telegram https://t.me/cngtvcambodia
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister