ខេត្តកំពង់ឆ្នាំង រកឃើញជំងឺគ្រុនឈាមលើកុមារចំនួន ១៤៣ករណី និងស្លាប់២ករណី

កំពង់ឆ្នាំង៖ ចាប់ពីដើមខែមករា រហូតមកដល់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ ជំងឺគ្រុនឈាមលើកុមារនៅក្នុងខេត្តកំពង់ឆ្នាំង បាន​កើតឡើងចំនួន ១៤៣ករណី និងបានស្លាប់២ករណី ហើយឆ្នាំ២០២៣នេះ ប្រភេទជំងឺគ្រុនឈាមនេះ មាន​សភាព​ធ្ងន់​ជាង​ឆ្នាំ​២០២២ ។ នេះបើយោងតាមតាមការការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃ​ទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ។

 
ខេត្តកំពង់ឆ្នាំង រកឃើញជំងឺគ្រុនឈាមលើកុមារចំនួន ១៤៣ករណី និងស្លាប់២ករណី

លោកវេជ្ជបណ្ឌិតបានបន្តថា ជំងឺគ្រុនឈាមលើកុមារ ក្នុងរយៈពេល៦ខែឆ្នាំម២០២៣នេះ មានអត្រាសឹងស្មើគ្នាទៅឆ្នាំកន្លងទៅ ដោយ​ឆ្នាំ២០២៣នេះ មានចំនួន១៤៣ករណី និងឆ្នាំ២០២២មានចំនួន១៤៧ករណី។ ក៏ប៉ុន្តែឆ្នាំ២០២៣នេះ សភាព​ធ្ងន់ធ្ងរ​ជាង​ឆ្នាំ​កន្ល​ងទៅ ដោយសារក្នុងចំណោមកុមារដែលឆ្លងជំងឺគ្រុនឈាម ១៤៣ករណីនោះ មាន២ករណីបានស្លាប់ (១ករណី​នៅ​ក្នុង​ឃុំ​អណ្តូង​ស្នាយ ស្រុករលាប្អៀរ និងម្នាក់ទៀតនៅក្នុងឃុំត្រងិល ស្រុកកំពង់លែង)។ ករណីគ្រុនឈាមលើកុមារនេះ បានកើត​ឡើង​ដំបូង​គេ​នៅ​ក្នុង​ស្រុកកំពង់លែងតែម្តង ហើយមកដល់ពេលនេះ គឺមានស្ទើរគ្រប់ស្រុកក្រុងទាំង៨ហើយ។

លោកបានបន្ថែមថា ចំពោះវិធីការពារ គឺមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានប្រកាសជូនដល់បងប្អូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ អោយនាំគ្នាសម្អាតភូមិដ្ឋានអោយបានស្អាតជាប្រចាំ កុំអោយមានទឹកដក់នៅតាមសំបកកំប៉ុង ស្នោ សំបកកង់ម៉ូតូ ឡាន និងសម្ភារៈដែលដក់ទឹក ព្រោះជាជម្រក និងកន្លែងពងកូនរបស់មូសខ្លា។ ពេលដឹងថាកូនចៅបានឆ្លងជំងឺនេះហើយ ត្រូវ​ប្រញាប់​យក​កូន​ចៅ​មកពិនិត្យព្យាបាលនៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកមន្ត្រីមន្ទីរសុខាភិបាល នៅតែបន្ត​ចែក​ជូន​ថ្នាំ​អាំប៊ែត​ជូន​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ដដែល៕

ប្រភព៖ េBTV