សម្តេចពិជ័យ សេនា ទៀ បាញ់ អញ្ជើញក្រុងពាលី ត្រៀមរៀបចំពិធីជប់លៀងអបអរជោគជ័យស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣
សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC-CAMAPGOC) ឆ្នាំ២០២៣បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីក្រុងពាលី ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន នៅកីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ នៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីត្រៀមពិធីជប់លៀងអបអរសាទរភាពជោគជ័យស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ថ្ងៃនេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត។
ពិធីក្រុងពាលីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ត្រី និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិ CAMSOC-CAMAPGOC និងថ្នាក់ដឹកនាំជាច្រើនរូបទៀត។
កម្មពិធីសំខាន់ៗដែលបានគ្រោងទុក ក្នុងជប់លៀងអបអរសាទរភាពជោគជ័យស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅពហុកីឡដ្ឋានជាតិមរតកតេជោ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតនឹងអញ្ជើញមកដល់វេលាម៉ោង ៦ល្ងាច។ ឯកឧត្តមបណ្ឌិត ថោង ខុន នឹងធ្វើរបាយការណ៍ និងសន្ទរកថាស្វាគមន៍ ហើយក៏មានការចាក់វីដេអូសង្ខេបពីសកម្មភាពស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣។ សម្តេចធិបតីនាយករដ្ឋមន្ត្រីនឹងផ្តល់មតិសំណេះសំណាល បន្ទាប់មកសម្តេចធិបតីនឹងអញ្ជើញផ្តល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយស និងប្រគល់ជូនលិខិតថ្លែងអំណរគុណ ហើយសម្តេចនឹងផ្តល់អញ្ជើញផ្តល់កិត្តិយសថតរូបអនុស្សាវរីយ៍ជាមួយម្ចាស់មេដាយមាស ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ បន្ទាប់មកគឺពីធីអាហារសាមគ្គី អមដោយការសម្តែងទស្សនីយភាពសិល្បៈចម្រុះ។
គួរបញ្ជាក់ថា តាមការគ្រោងទុក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងមានការអញ្ជើញអមដំណើរចូលរួមពីឧបនាយរដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ-មន្ត្រី CAMSOC-CAMAPGOC ថ្នាក់ដឹកនាំ-មន្ត្រីសហព័ន្ធកីឡាជាតិ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី សរុបចំនួន ៣១០០នាក់។ ក្នុងចំនួននេះ គឺមានគ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនី និងគ្រូបង្វឹក កីឡាករ កីឡាការិនីមានពិការភាព សរុប ១២០០នាក់ ជនបង្គោលអ្នកស្ម័គ្រចិត្ត ៣១៨នាក់ សហព័ន្ធកីឡាជាតិ (៤៣សហព័ន្ធកីឡាជាតិ) មានចំនួនសរុប ១៧២នាក់៕
ប្រភពដើម: ក្រសួងព័ត៍មាន