ក្រសួងអប់រំ អនុញ្ញាតឱ្យដំណើរការគ្រឹះស្ថានសិក្សា ព្រមទាំងការហាត់ប្រាណ និងលេងកីឡានៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកឡើងវិញ
#សេចក្ដីជូនដំណឹង ស្ដីពីការអនុញ្ញាតឱ្យដំណើរការគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្ដាល ព្រមទាំងការហាត់ប្រាណ និងលេងកីឡានៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានប្រកាសជូនដំណឹង នៅក្នុងលិខិតផ្លូវការជារួមមួយ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីពីការអនុញ្ញាតឱ្យដំណើរគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជននៅភ្នំពេញ និងទីរួមខេត្តកណ្តាល ព្រមទាំងអនុញ្ញាតឱ្យមានការហាត់ប្រាណ និងលេងកីឡានៅក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកឡើងវិញ។
រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានអនុញ្ញាតឱ្យមានការហាត់ប្រាណ លេងកីឡា និងការចេញចូល បរិវេណនៃពហុកីឡដ្ឋានជាតិអូឡាំពិកចាប់ពីថ្ងៃនេះតទៅ ដោយបន្តអនុវត្តនូវវិធានសុវត្ថិភាពសុខភាព និងរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គលផងដែរ។
នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នៃក្រសួងអប់រំ យុវជន និងកីឡាកីបានជូនដំណឹងមួយដែរ ដោយយោងលើលិខិតអនុញ្ញាតរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយជូនដំណឹងដល់គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាករិនីជម្រើសជាតិ និងក្រុមថ្នាលទាំងអស់ ស្តីពីការអនុញ្ញាតឱ្យបើកដំណើរការការហ្វឹកហាត់ឡើងវិញលើគ្រប់ប្រភេទកីឡាទាំងអស់ នៅពហុកីឡដ្ឋានជាតិអូឡាំពិកចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០តទៅ ប៉ុន្តែត្រូវបន្តអនុវត្តន៍នូវវិធានសុវត្ថិភាពសុខភាព និងរក្សាគម្លាតសុវត្ថិភាពសង្គម និងបុគ្គល៕
ប្រភព: ក្រសួងអប់រំ យុវជន និងកីឡា