រដ្ឋសភាចិនបានអនុម័តលើច្បាប់សន្តិសុខរបស់ហុងកុងខណៈភាពតានតឹងជាមួយសហរដ្ឋអាមេរិកកំពុងកើនឡើង
ទីក្រុងហុងកុង/ប៉េកាំង៖ រដ្ឋសភាចិនបានសម្រេចចិត្តបោះជំហ៊ានទៅមុខជាមួយនឹងច្បាប់សន្តិសុខជាតិ ហុងកុងនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដែលសកម្មជនប្រជាធិបតេយ្យនៅក្នុងទីក្រុង និងប្រទេសលោកខាងលិច ភ័យខ្លាចថានឹងអាចបង្កគ្រោះមហន្តរាយដល់សេរីភាពរបស់ពួកគេ និងអាចបាត់បង់តួនាទីជាមជ្ឈមណ្ឌលហិរញ្ញវត្ថុសកល។ នេះបើតាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន Reuters ថ្ងៃទី២៨ ឧសភា ២០២០។
ចិនបាននិយាយថា ច្បាប់សន្តិសុខជាតិនេះនឹងសម្តៅទៅលើការដោះស្រាយការធ្វើអបគមន៍ ការធ្វើវិទ្ធង្សនា ភេរវកម្ម និងការជ្រៀតជ្រែកពីបរទេសក្នុងទីក្រុងហុងកុង តែគម្រោង ដែលបានបង្ហាញនៅប៉េកាំង កាលពីសប្តាហ៍មុនបានបង្កឲ្យមានបាតុកម្មទ្រង់ទ្រាយធំជាលើកដំបូងក្នុងទីក្រុងហុងកុងអស់រយៈពេលជាច្រើនខែ។
បន្ថែមពីនេះទៅទៀត បាតុករជាច្រើននាក់បានប្រមូលផ្តុំគ្នាក្នុងផ្សារទំនើបមួយដោយស្រែកបន្ទរពាក្យ ស្លោកយ៉ាងច្រើន ប៉ុន្តែមិនមានជួបជុំបាតុកម្មតវ៉ាជាថ្មីឡើយ បន្ទាប់ពីមនុស្សចំនួន៣៦០នាក់ត្រូវបានចាប់ខ្លួន ខណៈដែលមនុស្សរាប់ពាន់នាក់បានបញ្ចេញកំហឹងនៅតាមដងផ្លូវចំពោះច្បាប់ភ្លេងជាតិ និងច្បាប់សន្តិសុខជាតិ ដែលប្រកាសឡើងដោយប្រទេសចិន។
សូមបញ្ជាក់ផងដែរថា សមាជិកសភាចិន សមាជប្រជាជន នៅក្នុងអគាររដ្ឋប៉េកាំង ទះដៃអបអរសាទរយ៉ាងយូរ នៅពេលដែលសន្លឹកឆ្នោតបង្ហាញចំនួន ២,៨៧៨ គាំទ្រដល់ការសម្រេចចិត្តបោះជំហ៊ានទៅមុខក្នុងការអនុម័តច្បាប់សន្តិសុខជាតិ ដោយមានសម្លេងបដិសេធតែ ៦ ប៉ុណ្ណោះ។
ទោះបីជាមានការធានាយ៉ាងណាក៏ដោយ ក៏សហរដ្ឋអាមេរិក ប្រទេសអង់គ្លេស និងសហគមអ៊ឺរ៉ុបបានបង្ហាញការព្រួយបារម្ភចំពោះច្បាប់សន្តិសុខជាតិ និងផលប៉ះពាល់របស់ចំពោះទីក្រុងសេរីរបស់ចិន និងមជ្ឈមណ្ឌលហិរញ្ញវត្ថុមួយក្នុងចំណោមមជ្ឈមណ្ឌលហិរញ្ញវត្ថុជាច្រើននៅលើពិភពលោក៕
ប្រភព៖ Reuters, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ