សេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម លើសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ

សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ នៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានដឹងឮដល់ក្រសួងធនធានទឹក និងឧតុនិយម ហើយបានបង្ហាញពីល្មើសមួយដែលធ្វើឱ្យមានការរាំងស្ទះដល់លំហូរទឹកធម្មជាតិ

 
សេចក្តីប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម លើសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ

ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនថា សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដើម្បីចាក់ខ្សាច់លុបនេះ នឹងបង្កឧបសគ្គ ឬធ្វើឱ្យមានការរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ ហើយជាបទល្មើសដែលមានបញ្ញត្តិនៅក្នុងមាត្រា៣៦ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ចែងថា៖

"ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពីប្រាំលាន(៥.០០០.០០០)រៀល ដល់ ដប់លាន (១០.០០០.០០០)រៀល និង/ឬដាក់ពន្ធនាគារពីមួយ(១)ឆ្នាំ ដល់ប្រាំ(៥)ឆ្នាំ ចំពោះបុគ្គលដែលបង្កឧបសគ្គ ឬធ្វើឱ្យរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ ស្ទឹង ព្រែក អូរ ប្រឡាយ ដោយគ្មានការអនុញ្ញាត។ គ្រប់ករណីមិនរាងចាល ត្រូវផ្តន្ទាទោសទ្វេមួយជាពីរ"។

ក្រសួងធនធានទឹក និងឧតុនិយម សូមថ្លែងអំណរគុណដល់សាធារណជន អ្នកសារព័ត៌មាន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេសរដ្ឋបាលខេត្តកំពង់ចាមដែលបានចាត់វិធានការបន្ទាន់ក្នុងការទប់ស្កាត់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ស្ថិតនៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលបានចូលរួមថែរក្សាការពារធនធានទឹក ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology