ទីផ្សារពិភពលោកបានធ្លាក់ចុះ ដោយសារភាពតានតឹងរវាងចិន និងអាមេរិករឿងវីរុសកូវីដ១៩
ទីក្រុងបាងកក៖ ទីផ្សារភាគហ៊ុនពិភពលោកបានធ្លាក់ចុះនៅថ្ងៃច័ន្ទនេះ ដោយសារភាពតានតឹងរវាងរដ្ឋបាលលោក ដូណាល់ ត្រាំ និងចិនជុំវិញបញ្ហាដើមកំណើតនៃវីរុសកូវីដ១៩ និងជុំវិញការដោះស្រាយការទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ ដែលបានបង្កឲ្យវិនិយោគិនព្រួយបារម្ភយ៉ាងខ្លាំង។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន AP បានចុះផ្សាយនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០។

តួរលេខនៃតម្លៃភាគហ៊ុនស្ទើរតែគ្រប់ប្រទេសបានធ្លាក់ចុះ លើកលែងតែប្រទេសអូស្រា្តលី ដោយការរីក រាលដាលនៃវីរុសកូវីដ១៩ ស្ថិតក្រោមការគ្រប់គ្រងបានយ៉ាងល្អ។ ជាក់ស្តែងតួរលេខនៃតម្លៃភាគហ៊ុននៅឥណ្ឌា និងបណ្តាប្រទេសជាច្រើននៅអ៊ឺរ៉ុបដូចជា អាល្លឺម៉ង់ បារាំង អង់គ្លេស រួមទាំងនៅអាស៊ីដូចជា ហុងកុង កូរ៉េខាងត្បូង សិង្ហបុរី តៃរ៉ាន់ និងឥណ្ឌូនេស៊ីផង សុទ្ធតែធ្លាក់ចុះតម្លៃភាគហ៊ុនទាំងអស់។
ជុំវិញការទប់ស្កាត់វិបត្តិកូវីដ១៩ លោក ដូណាល់ ត្រាំ បានព្យាយាមទម្លាក់កំហុសទៅឲ្យចិន រីឯទីក្រុងប៉េកាំងឯណោះវិញ ក៏បានច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិកម្តងហើយម្តងទៀត ដោយថាការរាតត្បាតនេះមិនមែនជាកំហុសរបស់ចិនឡើយ។
សូមរម្លឹកផងដែរថា ការគម្រាមកំហែងសង្រ្គាមពាណិជ្ជកម្មរវាងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងបានផ្ទុះឡើងមុនពេលចិនចាប់ផ្តើមបិទសេដ្ឋកិច្ចរបស់ខ្លួន ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃវីរុសកូវីដ១៩ កាលពីចុងខែមករា៕
ប្រភព៖ AP ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ