ក្រសួងសុខាភិបាល៖ សូមចូលរួមកាត់ផ្តាច់ការចម្លងវីរុសកូវីដ១៩ ពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ទៀត ឬទៅក្នុងសហគមន៍របស់ខ្លួន
ក្រសួងសុខាភិបាលថ្ងៃទី២២ មីនា ២០២០នេះ បានអំពាវនាវសុំឲ្យប្រជាពលរដ្ឋចូលរួមកាត់ផ្តាច់ការចម្លងវីរុសកូវីដ១៩ ពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ទៀត ឬទៅក្នុងសហគមន៍របស់ខ្លួន។
ភ្នំពេញ៖ ក្រសួងសុខាភិបាលថ្ងៃទី២២ មីនា ២០២០នេះ បានអំពាវនាវសុំឲ្យប្រជាពលរដ្ឋចូលរួមកាត់ផ្តាច់ការចម្លងវីរុសកូវីដ១៩ ពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ទៀត ឬទៅក្នុងសហគមន៌របស់ខ្លួន។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានមានប្រសាសន៍ស្នើសុំ ប្រជាពលរដ្ឋទាំងអស់ ផ្តល់ទំនុកចិត្តលើក្រុមគ្រូពេទ្យនៅថ្នាក់ជាតិ និងក្រោមជាតិ ដែលកំពុងតែសកម្មក្នុងការស្វែងរកអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោល និងសូមឲ្យមានការចូលរួមសហការស្ម័គ្រចិត្តបង្ហាញខ្លួន ប្រសិនបើបានដឹងថាខ្លួនធ្លាប់បានប៉ះពាល់ជាមួយអ្នកវិជ្ជមានវីរុសកូវីដ១៩ ដើម្បីពិនិត្យសុខភាព។ លោកស្រីបានបន្ថែមថា “ប្រសិនបើអ្នកប៉ះពាល់ផ្ទាល់មិនមានបញ្ហាទេ អ្នកប៉ះពាល់ប្រយោលដែលរកឃើញនឹងចាត់ចែងឲ្យមានការតាមដានបន្តដោយខ្លួនឯងក្នុងរយ:ពេល ១៤ថ្ងៃ”។
បើតាមលោកស្រីវេជ្ជបណ្ឌិតបានបញ្ជាក់ថា រហូតមកទល់ពេលនេះ មានអ្នកវិជ្ជមានវីរុសកូវីដ១៩ សរុបចំនួន ៥៣នាក់ ដោយក្នុងនោះអ្នកជាសះស្បើយ ២នាក់ អ្នកឆ្លងផ្ទាល់បន្តមានតែ ៣ករណីប៉ុណ្ណោះ ពោលគឺកើតលើបុរសអាយុ៣៨ឆ្នាំនៅខេត្តសៀមរាប និងស្ត្រីជាភរិយា ២នាក់។ កម្ពុជាមិនទាន់មានការចម្លង ឬរាតត្បាតក្នុងសហគមន៌នៅឡើយទេ។
លោកស្រីកក៏បានលើកឡើងផងដែរថា នេះជាចំណុចដែលប្រជាពលរដ្ឋត្រូវតែខិតខំចូលរួមការពារទប់ស្កាត់ កុំឲ្យមានការចម្លងទៅក្នុងសហគមន៏ ជាកិច្ចការដែលយើងទាំងអស់គ្នាត្រូវធ្វើជាចាំបាច់។
“ដូច្នេះ ខ្ញុំសូមអំពាវនាវហើយអំពាវនាវទៀត ខ្ញុំសូមលើកដៃសំពះដល់បងប្អូនជនរួមជាតិយើងទាំងអស់ សូមលោកអ្នកមេត្តាយល់លើចំណុចនេះជាចាំបាច់នៅក្នុងកាល:ទេស:នេះ ហើយសូមកុំឲ្យមានការរើសអើងឲ្យសោះ។ មិនមានអ្នកណាម្នាក់ចង់ឈឺ ឬចង់នាំជំងឺមកនោះឡើយ។ តែអ្វីដែលសំខាន់នោះ ត្រូវតែរួបរួមគ្នាកាត់ផ្តាច់ឲ្យបាននូវការចម្លងពីបុគ្គលដែលមានវីរុសកូវីដ១៩ ទៅបុគ្គលផ្សេងទៀត ជាពិសេសអ្នកដែលនៅជិតស្និទ្ធ ឬក្រុមគ្រួសារ មិត្តភ័ក្រ្តគាត់ជាដើម។ ចូលរួមទាំងអស់គ្នា ការពារការចម្លងកូវីដ១៩ ទេីបយេីងអាចមានជ័យជំនះ។ សូមជូនពរសុខភាពល្អ មិនមានការចម្លងវីរុសកូវីដ១៩នេះ ទាំងអស់គ្នា” ។ នេះជាការអំពាវនាវរបស់លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល៕
ដោយ៖ ចាប មិថុនា