កម្ពុជា-ឡាវ ចុះកិច្ចព្រមព្រៀង ដឹកជញ្ជូនផលិតផលកសិកម្ម ទៅកាន់ទីផ្សារប្រទេសចិន

ភ្នំពេញ ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងឯកឧត្តម Linkham Douangsavanh រដ្ឋមន្ត្រីក្រសួងកសិកម្ម និងបរិស្ថាននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៦ បានចូលរួមជាសក្ខីភាព ក្នុងការចុះកិច្ចព្រមព្រៀងរវាងក្រសួងកសិកម្មកម្ពុជានិងឡាវ ស្ដីពីការដឹកជញ្ជូនផលិតផលកសិកម្មឆ្លងកាត់ប្រទេសឡាវ ដែលនឹងបើកផ្លូវថ្មីមួយបន្ថែមទៀតសម្រាប់ការនាំចេញកសិផលកម្ពុជា ជាពិសេសទៅកាន់ទីផ្សារប្រទេសចិន។

 
កម្ពុជា-ឡាវ ចុះកិច្ចព្រមព្រៀង ដឹកជញ្ជូនផលិតផលកសិកម្ម ទៅកាន់ទីផ្សារប្រទេសចិន

នាឱកាសនៃជំនួប​ ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ បានសម្តែងការស្វាគមន៍​ និងក្តីសោមនស្សរីករាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ​ កម្ពុជា-ឡាវ​ និងបន្តជំរុញកសិ-ពាណិជ្ជកម្ម​ ផ្គត់ផ្គង់ផលិតផលកសិកម្មទៅវិញទៅមក​ ជាពិសេសការនាំចេញផលិតផលកសិកម្មកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ដោយឆ្លងកាត់តាមប្រទេសឡាវ។

ជាមួយគ្នានេះដែរ​ ឯកឧត្តមរដ្ឋមន្ត្រី​ បានវាយតម្លៃខ្ពស់​នូវកិច្ចសហប្រតិបត្តិការតាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) កន្លងមកប្រកបដោយភាពប្រាកដនិយម​ និងបុរេសកម្ម​ ហើយការចុះកិច្ចព្រមព្រៀងថ្ងៃនេះបញ្ជាក់ពីការពង្រឹងទំនាក់ទំនងបន្ថែមទៀត​ហើយក្រុមការងារជំនាញទាំងពីរនឹងធ្វើការជាមួយគ្នា​ពិនិត្យលើនីតិវិធីនៃការដឹកជញ្ជូនឆ្លងកាត់ផលិតផលកសិកម្ម សំដៅបើកផ្លូវនាំចេញកសិផលកម្ពុជា​ ទៅកាន់ទីផ្សារប្រទេសចិន។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីលទ្ធភាពនៃការសហការជាមួយភាគីឡាវ ដើម្បីផ្សារភ្ជាប់ខ្សែច្រវាក់តម្លៃ ការផ្គត់ផ្គង់រ៉ែជីពីប្រទេសឡាវ​ ការកែលម្អបរិយាកាសវិនិយោគ​ ការកែលម្អផលិតកម្មពូជ​ ការលើកកម្ពស់ស្តង់ដាផលិត​ ការតាំងពិព័រណ៍ផលិតផលកសិកម្ម​ ធ្វើយ៉ាងណាយកចិត្តទុកដាក់ខ្ពស់លើ​ស្តង់ដាគុណភាព​ សុវត្ថិភាព​ ចំណាយថ្លៃដេីមទាប​ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច​ ជាពិសេសការសហការរួមគ្នាលើការទប់ស្កាត់ភ្លើងឆេះព្រៃ ការអភិរក្សព្រៃឈើ​ សត្វព្រៃ​ ជីវចម្រុះ​ និងធនធានធម្មជាតិ។

កិច្ចប្រជុំនេះបញ្ចប់ដោយលទ្ធផលផ្លែផ្កា​ ដោយសមភាគី កម្ពុជា-ឡាវ​ បានបង្ហាញឆន្ទៈ​ និងប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យ​កាន់តែជិតស្និទ្ធ​ និងរីកចម្រើន ជំរុញកសិ-ពាណិជ្ជកម្ម​ កំណើនសេដ្ឋកិច្ច និងផ្តល់អត្ថប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ៕