ស្ត្រីអនិកជនខ្មែរ-អាមេរិកាំង ត្រូវបានរកឃើញហើយនៅក្នុងខេត្តកំពង់ចាម ក្រោយរត់ចេញពីមណ្ឌលចត្តាឡីស័ក
ភ្នំពេញ៖ បើយោងតាមប្រសាសន៍របស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានឲ្យដឹងថា នាយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ ស្ត្រីខ្មែរសញ្ជាតិអាមេរិកាំងម្នាក់ ឈ្មោះ រ៉ូស វីរ៉ា (VIRA ROSE) បានស្នាក់នៅក្នុងបន្ទប់កន្លែងធ្វើចត្តាឡីស័កធម្មតា។ប៉ុន្តែនៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២០ នេះនៅពេលក្រុមគ្រូពេទ្យយកអាហារទៅឲ្យ ស្ត្រីឈ្មោះ រ៉ូស វីរ៉ា ស្រាប់តែមិនឃើញគាត់ ទើបបង្កការភ្ញាក់ផ្អើលតែម្តង ដោយគាត់បានលួចរត់ចេញពីកន្លែងធ្វើចត្តាឡីស័ក នៅរាជធានីភ្នំពេញ។
ក្រោយមកស្រ្តីម្នាក់នោះត្រូវបានសមត្ថកិច្ចស្វែងរកឃើញ នៅក្នុងផ្ទះសំណាក់មួយ ក្នុងទីរួមខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២០ដដែលនេះ។ នេះបើតាមការបញ្ជាក់របស់ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។
សូមជម្រាបថា ស្រ្តីខ្មែរសញ្ជាតិអាមេរិកាំងរូបនេះ បានចូលមកដល់ប្រទេសកម្ពុជា កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ ដោយរូបនាងបានធ្វើដំណើរក្នុងយន្តហោះជាមួយមន្ត្រីស្ថានទូតអាមេរិកពីររូប ដែលរកឃើញមានជំងឺកូវីដ១៩ កាលពីថ្ងៃទី១៦ ខែកក្កដា កន្លងទៅនេះ។បន្ទាប់មកស្ត្រីរូបនេះ ក៏ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ក្រោយមកដល់កម្ពុជា។
គួរម្លឹកថា សមត្ថកិច្ចបានដាក់ស្រ្តីខាងលើឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ នៅសណ្ឋាគារមេគង្គ ដែលជាកន្លែងធ្វើចត្តាឡីស័ក នៅក្នុងខេត្តកំពង់ចាម ហើយមន្រ្តីសុខាភិបាល ក៏បានយកសំណាកស្រ្តីរូបនោះ ទៅពិនិត្យនៅវិទ្យាស្ថានប៉ាស្ទ័រផងដែរ។
សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងថា កម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩ទាំងអស់ នៅទូទាំងប្រទេស សរុបចំនួន ១៧១នាក់ (ស្ត្រី ៤២នាក់ និងបុរស ១២៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយ សរុបទូទាំងប្រទេស មានចំនួន ១៣៣នាក់ (ស្រី ៣៩នាក់ និងបុរស ៩៤នាក់) និងអ្នកសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យរដ្ឋ មានចំនួន ៣៦នាក់ និងសម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែកក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជាជាជនជាតិអាមេរិកមានចំនួន ០២នាក់៕