ប្រមុខរាជរដ្ឋាភិបាល អំពាវនាវឱ្យពលករដែលកំពុងធ្វើការក្នុងប្រទេសថៃ ពន្យាការចេញ-ចូល ក្នុងខណៈប្រទេសថៃផ្ទុះឡើងវីរុសកូវីដ-១៩ ក្នុងសហគមន៍
ក្នុងខណៈដែលប្រទេសថៃ បាននិងកំពុងផ្ទុះឡើងនូវជំងឺឆ្លងកូវីដ-១៩ ក្នុងសហគមន៍នោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឱ្យបងប្អូនកម្មករ កម្មការិនីដែលកំពុងធ្វើការនៅក្នុងប្រទេសថៃទាំងស្របច្បាប់ និងមិនស្របច្បាប់ ពន្យាការចេញ ចូលក្នុងប្រទេស និងសូមជឿទុកចិត្តលើសមត្ថភាពរបស់រាជរដ្ឋាភិបាលថៃ ដែលអាចដោះស្រាយបញ្ហានេះបាន។
ក្នុងសារបន្ទាន់ជាសំឡេងជូនជនរួមជាតិ នាយប់ថ្ងៃទី២០ ខែធ្នូឆ្នាំ២០២០កាលពីម្សិលមិញ សម្ដេចតេជោ ថ្លែងថា ទាក់ទងនឹងការផ្ទុះឡើងនូវជំងឺឆ្លងកូវីដ-១៩ក្នុងសហគមន៍ នៅក្នុងព្រះរាជាណាចក្រថៃ ដែលគិតមកដល់ពេលនេះមានចំនួន ៥៧៦នាក់ តែក្នុងរយៈពេលមួយថ្ងៃនៅក្នុងតំបន់មួយ។ សភាពការណ៍កើតឡើងនៅក្នុងប្រទេសថៃមិនជាធ្ងន់ធ្ងរនោះទេ បើប្រៀបធៀបជាមួយនឹងប្រជាជនដែលមានរហូតទៅដល់ជាង៦០លាននាក់។
សម្ដេចតេជោនាយករដ្ឋមន្ត្រីបន្តថា បញ្ហាកើតឡើងនៅក្នុងប្រទេសថៃនេះ បានបង្កើតជាបញ្ហាចិត្តសាស្ត្រសម្រាប់ការភ័យខ្លាចដល់កម្មករ ជាពិសេសដល់គ្រួសារកម្មករ កម្មការិនីយើង ដែលកំពុងតែធ្វើការនៅក្នុងប្រទេសថៃ។ ក្នុងសភាពការណ៍បែបនេះ សម្តេចសូមធ្វើការអំពាវនាវចំពោះបងប្អូនកម្មករ កម្មការិនីដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ សូមទុកចិត្តចំពោះរាជរដ្ឋាភិបាលថៃ ដែលនឹងគ្រប់គ្រងនូវសភាពការណ៍នេះបាន ហើយបញ្ហានេះព្រះរាជាណាចក្រថៃ មានបទពិសោធន៍ ក្នុងការគ្រប់គ្រងសភាពការណ៍នេះកាលពីពេលមុន ដែលមកដល់ពេលនេះប្រទេសថៃទើបតែនឹងមានមនុស្សឆ្លងជំងឺកូវីដ១៩ ចំនួន ៤ ៩០៧នាក់ ហើយអ្នកស្លាប់មានតែត្រឹមចំនួន៦០នាក់តែប៉ុណ្ណោះ ដែលអាចចាប់ទុកថាជាប្រទេសដែលគ្រប់គ្រងបានល្អ។
សម្តេចសង្ឃឹមថាបងប្អូនកម្មករ កម្មការិនីរបស់យើង ដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ ជឿទុកចិត្តទៅលើសមត្ថភាពនៃការដោះស្រាយរបស់រាជរដ្ឋាភិបាលថៃ របស់សមត្ថកិច្ចពាក់ព័ន្ធរបស់ថៃ ដែលធ្វើការនៅទីនោះ ហើយមិនគួររត់ចាកចេញពីប្រទេសថៃក្នុងពេលដែលថៃមានការលំបាក ដូចដែលសម្តេចធ្លាប់បាននិយាយហើយថា«ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»៕