ធនាគារជាតិនៃកម្ពុជា ដាក់ចេញវិធានការ៥ចំណុច ដើម្បីផ្ដល់សន្ទនីយភាព បន្ថែមដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សំដៅរួមចំណែកកាត់បន្ថយផលប៉ះពាល់ពីជំងឺកូវីដ១៩ មកលើសេដ្ឋកិច្ចកម្ពុជា

 
ធនាគារជាតិនៃកម្ពុជា ដាក់ចេញវិធានការ៥ចំណុច ដើម្បីផ្ដល់សន្ទនីយភាព បន្ថែមដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សំដៅរួមចំណែកកាត់បន្ថយផលប៉ះពាល់ពីជំងឺកូវីដ១៩ មកលើសេដ្ឋកិច្ចកម្ពុជា

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគាជាតិនៃកម្ពុជាថ្ងៃទី១៧ មីនា ២០២០នេះបានឲ្យដឹងថា បន្ថែមលើវិធានការដែលធនាគារជាតិនៃកម្ពុជា បានដាក់ចេញកាលពីពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជាបានដាក់ចេញនូវវិធានការគាំទ្រចំនួន៥ចំណុចបន្ថែមទៀត ដើម្បីផ្ដល់សន្ទនីយភាព បន្ថែមដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ សំដៅរួមចំណែកកាត់បន្ថយផលប៉ះពាល់ពីជំងឺកូវីដ១៩ មកលើសេដ្ឋកិច្ចកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។

វិធានការទាំង៥ចំណុចនេះរួមមានដូចខាងក្រោម៖

  1. ពន្យារពេលឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុរក្សាកម្រិតទ្រនាប់ដើមទុនខនស៊ើវេសិន (CCB) ត្រឹម៥០%។
  2. កាត់បន្ថយអត្រាការប្រាក់អប្បបរិមា នៃប្រតិបត្តិការផ្ដល់សន្ទនីយភាព ដោយមានការធានា (LPCO) ចំនួន០.៥% ចំពោះគ្រប់ឥណទាន។
  3. កាត់បន្ថយអត្រាការប្រាក់ លើមូលបត្រអាចជួញដូរបាន (NCD) ចារឹកជារៀល និងជាដុល្លារអាមេរិក ក្នុងកម្រិតសមស្រប។
  4. កាត់បន្ថយអត្រាប្រាក់បម្រុងកាតព្វកិច្ច (RRR) ពី៨ភាគរយចំពោះប្រាក់រៀល និង ១២.៥% ចំពោះរូបិយប័ណ្ណ មកត្រឹម ៧% ទាំងចំពោះប្រាក់រៀល និងរូបិយប័ណ្ណ ក្នុងរយៈពេល៦ខែចាប់ពីខែមេសា ឆ្នាំ២០២០។
  5. កាត់បន្ថយកម្រិតអនុបាតក្របខ័ណ្ឌសន្ទនីយភាព (LCR) ក្នុងកម្រិតសមស្របតាមការចាំបាច់។

ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជានឹងបន្ដតាមដានយ៉ាងប្រុងប្រយ័ត្ន លើស្ថានភាពវឌ្ឍនភាពវិស័យធនាគារ, បញ្ហាប្រឈម និងហានិភ័យនានា ដែលអាចកើតឡើងជាយថាហេតុ ក្នុងគោលដៅរក្សានិរន្ដរភាព និងស្ថិរភាពនៃវិស័យធនាគារ និងហិរញ្ញវត្ថុ និងរួមចំណែកគាំទ្រកំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព៕

ដោយ៖ ចាប មិថុនា