អ្នកជំនាញបុរាណវិទ្យារកឃើញទបង្ហូរទឹកបុរាណ ក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នៅព្រះលានជលដំរី នៃក្រុងអង្គរធំ !
សៀមរាប៖ ក្រុមអ្នកជំនាញបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា បានធ្វើកំណាយរកឃើញទបង្ហូរទឹកបុរាណមួយ ដែលបានស្ថាបនាឡើង ក្នុងរាជព្រះបាទជ័វរ្ម័នទី៧ នៅព្រះលានជល់ដំរី នៃក្រុងអង្គរធំ ខណ:ដែលមន្ដ្រីជំនាញបុរាណវិទ្យាទាំងនោះ កំពុងអនុវត្តគម្រោងកែលម្អផ្លូវដើរ, សួនដាំស្មៅ និងប្រព័ន្ធរំដោះទឹក និងសិក្សាអំពីផលប៉ះពាល់ដល់បុរាណវិទ្យា ដើម្បីស្វែងយល់ពីរចនាសម្ព័ន្ធ និងការរៀបចំទីធ្លា ដែលប្រើប្រាស់នៅមុខព្រះបរមរាជវាំងកាលពីសម័យព្រះបាទជ័យវរ្ម័នទី៧ ស្ថិតនៅបរិវេណព្រះលានជល់ដំរីក្នុងក្រុងអង្គរធំនោះ។
លោក ខៀវ ច័ន្ទ អ្នកបុរាណវិទូ និងជាអ្នកទទួលខុសត្រូវការដ្ឋានកំណាយ បានមានប្រសាសន៍កាលពីរសៀលថ្ងៃទី១២ ខែឧសភាថា លទ្ធផលនៃការសិក្សា ក្រុមបុរាណវិទូបានប្រទះឃើញ នូវរចនាសម្ព័ន្ធបុរាណជាច្រើន ដូចជាប្រព័ន្ធផ្លូវ ប្រព័ន្ធចង្អូរទឹកនៅអមផ្លូវពីមុខព្រះបរមរាជវាំងទៅខ្លោងទ្វារជ័យ ព្រមទាំងរចនាសម្ព័ន្ធសំណង់ផ្សេងៗជាច្រើនទៀត។ ជាងនេះទៀត គឺក្រុមបុរាណវិទូបានរកឃើញទបង្ហូរ(លូបង្ហូរទឹក) បុរាណមួយបន្ថែមទៀត នៅខាងជើងផ្លូវចុះកណ្តាល នៃខឿនព្រះលានជល់ដំរីបន្តិច ដែលលូបុរាណនោះ បុព្វបុរសខ្មែរបានស្ថាបនាឆ្លងកាត់ផ្លូវទទឹងថ្ងៃ(ផ្លូវចេញពីប្រាសាទបាយ័នទៅខ្លោងទ្វារដីឆ្នាំង)នៃក្រុងអង្គរធំ ដែលមានស្នាមដានជើងសសរឈើ បានបញ្ជាក់ថា មានសំណង់អំពីឈើ ឬហៅថារោងទងអំពីឈើប្រក់ក្បឿងនៅតាមបណ្តោយផ្លូវប្រវែងជិត ៨០ម៉ែត្រ។អ្នកជំនាញបុរាណវិទ្យារូបនោះ បានសន្និដ្ឋានថា នេះជាដំណាក់កាលដំបូង នៃព្រះបរមរាជវាំង ដែលប្រហែលជារាជព្រះបាទយសោវរ្ម័ន(ទី១) ពេលដែលផ្លាស់រាជធានីពីរលួសមកអង្គរ ដែលយកភ្នំបាខែងជាចំណុចកណ្តាលនៃក្រុងយសោធរបុរី។ លោកបានបន្ដថា ចំពោះទបង្ហូរទឹក(លូបង្ហូរទឹក)បុរាណដែលទើបរកឃើញថ្មីនេះ បានស្ថាបនាឡើងដោយយកថ្មបាយក្រៀមធ្វើជាជញ្ជាំងសងខាង និងថ្មភក់ធ្វើជាគម្របពីលើ មានកម្ពស់ជិតកន្លះម៉ែត្រ និងទទឹងមុខសម្រាប់ទឹកហូ០,២ម៉ែត្រ និងមានបណ្តោយ៦ម៉ែត្រ។ ដើម្បីរំដោះទឹកចេញពីមុខព្រះបរមរាជវាំង ចូលទៅក្នុងប្រព័ន្ធប្រឡាយធំខាងកើត ដែលនៅស្របផ្លូវទៅខ្លោងទ្វារជ័យ ហើយហូរចូលទៅបឹងធំ ស្ថិតនៅទិសនិរតី និងធ្លាក់ទៅក្នុងកសិន្ធុអង្គរធំតាមរន្ធត្រដេវ។ លោកបញ្ជាក់ទៀតថា បើផ្អែកលើសមុច្ច័យដែលបានរកឃើញនៅក្នុងស្រទាប់ដីនីមួយៗ គេអាចសន្និដ្ឋានជាបឋមបានថា ទបង្ហូរទឹកបុរាណនេះអាចស្ថាបនាឡើងនៅក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ក្នុងពេលដែលព្រះអង្គបានរៀបចំក្រុងអង្គរធំ ឲ្យមានប្រព័ន្ធផ្លូវ និងប្រព័ន្ធប្រឡាយទឹកខ្វាត់ខ្វែងជាក្រឡាចត្រង្គពាសពេញក្រុង។ ដោយមានរន្ធត្រដេវនៅទិសឥ្ឍសាន្តសម្រាប់បញ្ជូលទឹកមកក្នុងក្រុង និងរន្ធត្រដេវនូទិសនិរតីសម្រាប់បង្ហូរទឹកចេញពីក្រុងទៅកសិន្ធុខាងក្រៅធ្លាក់ទៅបឹងទន្លេសាប។ ក្រៅពីនេព្រះអង្គ ក៏បានស្ថាបនាកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញក្រុងដែលមានទំហំ៣គីឡូម៉ែត្របួនជ្រុងផងដែរ។
អ្នកជំនាញបានលើកឡើងថា ព្រះលាននេះ ត្រូវបានកសាងឡើងនៅចុងសតវត្សទី១២ដោយព្រះបាទជ័យវរ្ម័នទី៧ ក្នុងរចនាបទបាយ័ន។ នៅទីនេះបុព្វបុរសខ្មែរបានកសាងខឿនខ្ពស់ផុតពីដីមួយជួរវែង លាតសន្ធឹងតាមបណ្តោយកំពែងរាជវាំងខាងកើត លយហួសទៅជើង និងហួសទៅត្បូង ដែលមានរានហាលចំនួនបី និងមានពីរជាន់។ នៅលើខឿននេះដើមឡើយមានអគារសាងពីឈើប្រកក្បឿងតែសព្វថ្ងៃយើងមើលមិនឃើញទេ ឃើញតែស្លាកស្នាមថ្មនៅខាងក្រោមប៉ុណ្ណោះ។សូមបញ្ជាក់ថា នៅក្នុងក្រុងអង្គរធំមានអាងស្តុកទឹកចំនួន៣គឺ បឹងតាតួតនៅទិសឥ្ឍសាន្ត, បឹងដូនមានៅខាងលិចព្រះបរមរាជវាំង និងបឹងធំនៅទិសនិរតី៕
សូមចុច join link Telegram Channel CNGTV Cambodia https://t.me/cngtvcambodia
ប្រភព: ក្រសួងព័ត៌មាន ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប