សម្តេចតេជោ ប្រកាសថាវ៉ាក់សាំងការពារមេរោគកូវីដ១៩ ចំនួន ១លាន ៥សែនដូសទៀត នឹងមកដល់កម្ពុជានាពេលឆាប់ៗខាងមុខនេះ
(ភ្នំពេញ)៖ ក្នុងសារសំឡេងពិសេសមួយ នាយប់ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា វ៉ាក់សាំងការពារមេរោគកូវីដ១៩ ចំនួន ១លាន ៥សែនដូសទៀត នឹងមកដល់កម្ពុជានាពេលឆាប់ៗខាងមុខនេះ និងជាបន្តបន្ទាប់ក៏នឹងមានវ៉ាក់សាំង Sinovac ១លាន៥សែនដូសមកដល់ ខណៈវ៉ាក់សាំង Sinopharm និង AstraZeneca ក៏មកជាបន្តបន្ទាប់ទៀតដែរ។
សម្តេចតេជោ បានបន្តថា កម្ពុជាក៏កំពុងស្វះស្វែងរកទិញវ៉ាក់សាំង Johnson and Johnson របស់អាមេរិកផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដើម្បីឱ្យការងារ ការងារចាក់វ៉ាក់សាំងកូវីដ-១៩នេះ ឈានទៅមុខបានល្អប្រសើរសម្តេចតេជោ បានស្នើសុំឱ្យមានការរៀបចំគណៈកម្មការចំពោះកិច្ចមួយ ដើម្បីទទួលបន្ទុករាប់រងក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងក្នុងផ្នែកស៊ីវិល ទាំងក្នុងផ្នែកកងទ័ព ផ្នែកនគរបាល។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន បានតែងតាំងលោកជំទាវ ឱ វណ្ណឌីន ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចទទួលបន្ទុកគ្រប់គ្រង ដឹកនាំការចាក់វ៉ាក់សាំងនៅក្របខណ្ឌទូទាំងប្រទេស ដោយរៀបចំផែនការមេបន្តពីជំហ៊ានដែលយើងកំពុងធ្វើសព្វថ្ងៃនេះ។
ជាមួយគ្នានោះសម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់សិទ្ធិឱ្យលោកស្រី ឱ វណ្ណឌីន ជ្រើសអនុប្រធាន ក៏ដូចជាសមាជិក សមាជិកា មកពីក្រសួងស្ថាប័ន សម្រាប់គណៈកម្មការចំពោះកិច្ចនេះផងដែរ។
បន្ថែមពីលើនោះ ដើម្បីឱ្យការចាក់វ៉ាក់សាំងកូវីដ-១៩ ទាន់សភាពការណ៍នៅទូទាំងប្រទេសសម្តេចតេជោ បានណែនាំឱ្យលោកស្រីឱ វណ្ណឌីន បង្កើតអនុគណៈកម្មការនៅតាមរាជធានី ខេត្តផងដែរ៕
ប្រភព: ក្រសួងព័ត៌មាន