អាមេរិកផ្តល់រថពាសដែក Stryker ចំនួន ១៧គ្រឿងដល់កងទ័ពជើងគោកថៃ យោងតាមការបញ្ជាក់ពីកងទ័ពជើងគោកថៃ
យោងតាមការបញ្ជាក់ពីកងទ័ពជើងគោកថៃ បន្ទាប់ពីកិច្ចពិភាក្សារវាងមេបញ្ជាការជាន់ខ្ពស់នៃប្រទេសថៃ និងសហរដ្ឋអាមេរិក កាលពីថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៦កន្លងទៅនេះ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានសម្រេចផ្ដល់រថពាសដែកកង់ ៨ ប្រភេទ Stryker ចំនួន ១៧ គ្រឿងបន្ថែមទៀតទៅថៃ ក្រោមកម្មវិធី Excess Defense Articles (EDA)។
ការផ្ដល់ជូននេះ មិនមែនជាការបញ្ជាទិញដោយផ្ទាល់នោះទេ ប៉ុន្តែជាផ្នែកមួយនៃជំនួយសន្តិសុខ ដែលឧបករណ៍ទាំងនេះត្រូវបានផ្តល់ឱ្យក្នុងតម្លៃទាប ឬមិនគិតថ្លៃ ដោយភាគីថៃទទួលបន្ទុកលើការដឹកជញ្ជូន ជួសជុល និងថែទាំ។ សូមជម្រាបថា ពិធីប្រគល់ និងទទួលជាផ្លូវការ នឹងត្រូវធ្វើឡើងក្នុងអំឡុងពេលសមយុទ្ធរួមគ្នានាពេលខាងមុខ។
ក្នុងជំនួបជាមួយមេបញ្ជាការកងទ័ពអាមេរិកប្រចាំភូមិភាគទី ១ I Corps លោកសេនាប្រធាន Pana Klaewplodtook ក៏បានលើកឡើងអំពី ការបណ្តុះបណ្តាលដោយសហរដ្ឋអាមេរិកនឹងបញ្ជូនក្រុមប្រយុទ្ធកងពលតូច Stryker មកជួយបណ្តុះបណ្តាលបច្ចេកទេស និងយុទ្ធសាស្ត្រដល់កងទ័ពថៃ។ បន្ថែមពីនេះលោកមេបញ្ជាការថៃ ក៏បានលើកឡើងពីស្ថានភាពតានតឹងនៅតាមព្រំដែន ថៃ-កម្ពុជា ដោយអះអាងពីការប្តេជ្ញាចិត្តរបស់កងទ័ពក្នុងការការពារអធិបតេយ្យភាព ស្របតាមគោលការណ៍ការពារខ្លួនជាអន្តរជាតិ៕



ប្រភព៖ Thai Enquirer






































