សម្ដេចតេជោ ហ៊ុន សែន សម្រេចបង្កើតគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចសម្រាប់ការចាក់វ៉ាក់សាំង ដោយបានតែងតាំងលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ច ទទួលបន្ទុកគ្រប់គ្រង ដឹកនាំការចាក់វ៉ាក់សាំង នៅក្របខណ្ឌទូទាំងប្រទេស ដោយត្រូវរៀបចំផែនការមេ បន្តពីជំហានដែលបាន និងកំពុងធ្វើសព្វថ្ងៃនេះ។
នៅក្នុងសារជាសម្លេងបន្ទាន់ នាយប់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ ផ្ញើជូនរដ្ឋមន្ត្រីក្រសួងសុខាភិបាល ថ្នាក់ដឹកនាំ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ និងផ្នែកពាក់ព័ន្ធដទៃទៀត សម្ដេចតេជោបានមានប្រសាសន៍ថា កន្លងទៅ ទាក់ទងនឹងការងារវ៉ាក់សាំង លើដំណើរការលទ្ធកម្មការស្វះស្វែងរក គឺកំពុងតែដំណើរការទៅយ៉ាងសកម្ម។ ក្នុងពេលជាមួយគ្នា ដំណើរការខាងផ្នែកចាក់វ៉ាក់សាំង ក្នុងជំហានដំបូងនេះ យើងក៏ទទួលបានលទ្ធផលល្អប្រសើរ ទាំងនៅក្នុងផ្នែកកងទ័ព និងផ្នែកស៊ីវិល។ សម្ដេចតេជោបានបន្តថា ប៉ុន្តែដើម្បីឱ្យការងារនេះបានឈានទៅមុខបានយ៉ាងល្អប្រសើរ « ខ្ញុំសូមស្នើឱ្យមានការរៀបចំគណៈកម្មការចំពោះកិច្ចមួយ ដើម្បីទទួលបន្ទុករ៉ាប់រងក្នុងការចាក់វ៉ាក់សាំង ទាំងក្នុងផ្នែកស៊ីវិល ទាំងក្នុងផ្នែកកងទ័ព និងផ្នែកនគរបាល ហើយខ្ញុំសូមចង្អុលការតែងតាំងលោកជំទាវ ឱ វណ្ណឌីន ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ច ទទួលបន្ទុកគ្រប់គ្រងដឹកនាំការចាក់វ៉ាក់សាំង នៅក្របខណ្ឌទូទាំងប្រទេស ដោយរៀបចំផែនការមេ ដែលបន្តពីជំហានដែលយើងបាន និងកំពុងធ្វើសព្វថ្ងៃនេះ »។
សម្ដេចតេជោគូសបញ្ជាក់ថា៖ « នៅពេលខាងមុខ វ៉ាក់សាំង នឹងអាចមកដល់ជាបន្តបន្ទាប់ តែចាំបាច់ត្រូវមានផែនការមេមួយជាក់លាក់ ដូចដែលខ្ញុំបានឱ្យប្រជុំកាលពីម្សិលមិញ ទៅលើគោលដៅមួយចំនួនដែលយើងត្រូវផ្ដល់។ ដូច្នេះ ខ្ញុំស្នើឱ្យលោកជំទាវ ឱ វណ្ណឌីន ធ្វើជាប្រធានគណៈកម្មការចំពោះកិច្ចនេះ ហើយលោកជំទាវ ឱ វណ្ណឌីន ត្រូវម្ចាស់ការស្នើសុំរដ្ឋមន្ត្រី ឬស្នើសុំមកដល់ខ្ញុំ ដោយសុំតែងតាំងអ្នកណាផ្សេងទៀតទាំងនៅក្នុងក្រសួងសុខាភិបាល ទាំងនៅក្រសួងពាក់ព័ន្ធ ដូចជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ ឬ ក្រសួងមហាផ្ទៃ ជាដើម ដើម្បីចូលរួមនៅក្នុងគណៈកម្មការនេះ »។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងនូវការសង្ឃឹមថា កិច្ចការងារនេះនឹងដំណើរការបានល្អ ជាមួយនឹងការទទួលខុសត្រូវនៅគ្រប់ស្ថាប័ន ដើម្បីតម្រង់ឆ្ពោះទៅរកការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕
ប្រភព: ក្រសួងព័ត៌មាន