ក្រុមអ្នកស្រាវជ្រាវជនជាតិអូស្ត្រាលីកំពុងអភិវឌ្ឍ "pandemic drones" ដើម្បីប្រឆាំងនិងវីរុសកូរ៉ូណា (corvin-19)
ក្រុមអ្នកស្រាវជ្រាវមួយក្រុមមកពីសាកលវិទ្យាល័យអូស្រ្តាលីខាងត្បូង (UniSA) បានចាប់ផ្តើមបង្កើតយន្តហោះដ្រូនដើម្បីត្រួតពិនិត្យតាមដានអ្នកជម្ងឺដែលមានផ្ទុកជំងឺផ្លូវដង្ហើម COVID-19 ។
យន្តហោះដ្រូនដែលមានឈ្មោះថា "pandemic drones" នឹងត្រូវបានគេបំពាក់ជាមួយឧបករណ៍ចាប់សញ្ញាដែលមានសមត្ថភាពក្នុងការត្រួតពិនិត្យសីតុណ្ហភាពរបស់មនុស្សក៏ដូចជាអត្រាចង្វាក់បេះដូងនិងដង្ហើម។ នេះបើយោងតាមគេហទំព័រ CANBERRA ដែលបានចុះផ្សាយនៅថ្ងៃទី២៧ ខែ មីនា ២០២០។
បន្ថែមពីនេះវាក៏អាចរកឃើញមនុស្សដែលបង្ហាញរោគសញ្ញាមានដូចជា ក្អក និងកណ្តាស់ នៅតាមការិយាល័យ នាវាទេសចរណ៍ អាកាសយានដ្ឋាន នៅផ្ទះ និងកន្លែងផ្សេងៗដែលមានហានិភ័យខ្ពស់ក្នុងការឆ្លងមេរោគនេះផងដែរ។គម្រោងនេះកំពុងត្រូវបានដឹកនាំដោយលោក Javaan Chahl ដែលជាប្រធានប្រព័ន្ធឧបករណ៍ចាប់សញ្ញានៅក្នុងនាយកដ្ឋានការពារជាតិដែលធ្វើការសហការចូលរួមជាមួយក្រុម UniSA។
លោក Javaan Chahl បាននិយាយថា “ឧបករណ៍នេះប្រហែលជាមិនអាចរកឃើញគ្រប់ករណីទាំងអស់នោះទេ ប៉ុន្តែវាអាចជាឧបករណ៍ដែលអាចទុកចិត្តបានក្នុងការរកឃើញវត្តមាននៃជំងឺនេះនៅតាមកន្លែងនានា ឬនៅក្នុងក្រុមមនុស្ស”។
សូមបញ្ជាក់ថា UniSA គឺបានចាប់ដៃគូរជាមួយក្រុមហ៊ុនបច្ចេកវិទ្យាដ្រូនដើម្បីបង្កើនប្រសិទ្ធភាពបច្ចេកវិទ្យានិងដាក់ពង្រាយបច្ចេកវិទ្យារបស់ខ្លួនដល់អតិថិជនរដ្ឋាភិបាល និងវិស័យសុខាភិបាលផងដែរ៕
ប្រភព៖ xinhuanet ប្រែសម្រួល៖ ជា បញ្ញា