លីបង់ចោទប្រកាន់អុីស្រាអែលថា កំពុងអនុវត្តនយោបាយ «ដុតកម្ទេចផែនដី» ខណៈកិច្ចព្រមព្រៀងអាមេរិក-អុីរ៉ង់ នៅមិនទាន់ច្បាស់លាស់

នាយករដ្ឋមន្ត្រីលីបង់ លោក Nawaf Salam បានចេញមុខថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការវាយប្រហាររបស់យោធាអុីស្រាអែលនៅភាគខាងត្បូងប្រទេស ដោយបានចោទប្រកាន់ថា អុីស្រាអែលកំពុងអនុវត្ត «នយោបាយដុតកម្ទេចផែនដី» តាមរយៈការបំផ្លិចបំផ្លាញទីក្រុង ភូមិឋាន និងបង្ខំឱ្យប្រជាពលរដ្ឋភៀសខ្លួនទាំងបង្ខំ ដែលនេះជាទម្រង់នៃការដាក់ទណ្ឌកម្មជាសមូហភាព។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Al Jazeera នាថ្ងៃចុងសប្តាហ៍កន្លងទៅនេះ។

 
លីបង់ចោទប្រកាន់អុីស្រាអែលថា កំពុងអនុវត្តនយោបាយ «ដុតកម្ទេចផែនដី»  ខណៈកិច្ចព្រមព្រៀងអាមេរិក-អុីរ៉ង់ នៅមិនទាន់ច្បាស់លាស់

ការចោទប្រកាន់នេះបានធ្វើឡើង បន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានពង្រីកប្រតិបត្តិការវាយលុកយ៉ាងគំហុក ដោយបានឆ្លងកាត់ទន្លេ Litani ជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៦ និងបានវាយដណ្តើមគ្រប់គ្រងបន្ទាយប្រាសាទបុរាណយុទ្ធសាស្ត្រ Beaufort កាលពីចុងសប្តាហ៍។
លោកនាយករដ្ឋមន្ត្រីលីបង់ បានបញ្ជាក់ថា អំពើហិង្សានិងការបំផ្លិចបំផ្លាញទាំងនេះ នឹងមិនអាចធានាសន្តិសុខបានឡើយ ហើយលោកបានប្រកាន់ជំហរក្នុងការជ្រើសរើសផ្លូវចរចាការទូតថាជា «ជម្រើសដែលមានតម្លៃ » សម្រាប់ការពារប្រទេសជាតិ។
ស្របពេលជាមួយគ្នានេះ ប្រធានសភាលីបង់ លោក Nabih Berri បានអះអាងថា ក្រុមហ៊េសបូឡា (Hezbollah) ត្រៀមខ្លួនរួចជាស្រេចក្នុងការគោរពតាមបទឈប់បាញ់ជាបន្ទាន់ ប៉ុន្តែលោកបានចោទសួរជាសាធារណៈថា តើនរណានឹងអាចធានា និងបង្ខំឱ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារទាំងផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសបាន?
ដោយឡែក ទាក់ទិននឹងការចរចាដើម្បីបញ្ចប់សង្គ្រាមរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់ ស្ថានភាពហាក់កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់នៅឡើយ ខណៈពេលដែលស្ថានភាពមនុស្សធម៌កំពុងធ្លាក់ចុះដុនដាប សហគមន៍អន្តរជាតិបានសម្តែងការព្រួយបារម្ភកាន់តែខ្លាំងឡើង ជុំវិញសកម្មភាពយោធារបស់អ៊ីស្រាអែល ដែលហាក់បីដូចជាកំពុងបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ៕

Netanyahu orders deeper incursion into Lebanon as Israeli troops seize  Beaufort castle - ABC News

ប្រភព៖Al Jazeera