YouTube សម្រេចទម្លាក់កម្រិតវីដេអូអ្នកទស្សនាទូទាំងសកលលោកមកត្រឹមកម្រិតធម្មតាក្នុងរយៈពេលមួយខែ

ចាប់​ពី​ពេល​នេះ​ត​ទៅ រហូត​ដល់​រយៈ​ពេល ១ខែ​ពេញ  YouTube បាន​សម្រេច​គោលការណ៍​ថ្មីរបស់ខ្លួន ក្នុង​ការ​ទម្លាក់​ដោយ​ស្វ័យប្រវត្តិ​នូវ​កម្រិត​គុណភាព​វីដេអូ​ដែល​អ្នក​ចុច​ទស្សនា​មក​ត្រឹម​កម្រិត SD (Standard definition) ឬ 480p វិញ ហើយ​ការ​អនុវត្ត​នេះ​ធ្វើ​ឡើង​ទូទាំង​សកលលោក។ហេតុផលនោះគឺដោយសារតែ​កំណើន​អ្នក​ចូល​ទស្សនានៅផ្ទះ​ច្រើន​លើសលប់ ក្នុង​អំឡុង​ពេល​ផ្ទុះ​ការ​រាតត្បាត​នៃ​វីរុស COVID-19 ។

 
YouTube សម្រេចទម្លាក់កម្រិតវីដេអូអ្នកទស្សនាទូទាំងសកលលោកមកត្រឹមកម្រិតធម្មតាក្នុងរយៈពេលមួយខែ
YouTube

 

YouTube ដែល​ជា​ក្រុមហ៊ុន​ស្ថិត​ក្រោម​ទ្រនំ​មេ Google បាន​សម្រេច​ទម្លាក់​កម្រិត​ស្វ័យប្រវត្តិ​ត្រឹម 480p ​គ្រប់​វីដេអូ​ទាំង​អស់​ដែល​អ្នក​បាន​ចុច​ទស្សនា មិន​ថា​អ្នក​កំពុង​ប្រើប្រាស់​ប្រព័ន្ធ​អុិនធឺណិត​ល្បឿន​លឿន​បែប​ណា​ក៏​ដោយ។

ការ​ធ្វើ​បែប​នេះ YouTube ជឿ​ថា​នឹង​មិន​មាន​មនុស្ស​ច្រើន​នោះ​ទេ ដែល​សម្រេច​ទៅ​ផ្លាស់ប្តូរ​កម្រិត​ទស្សនា​ថ្មី គេប្រាកដជា​នឹង​បន្ត​ទស្សនា​កម្រិត 480p នោះ​ដដែល។

យ៉ាងណាមិញ​អ្នក​ប្រើប្រាស់​ក៏​នៅ​តែ​អាច​ធ្វើ​ការ​បន្ថែម​កម្រិត​គុណភាព​វីដេអូ​បាន ដោយ​ផ្លាស់ប្ដូរ Resolution ក្នុង Settings នៃ​វីដេអូ​នីមួយៗ​ដូច​ការ​អនុវត្ត​កន្លង​មក​ជា​ធម្មតាផងដែរ៕

 

 ប្រភព៖ gsmarena ប្រែ​សម្រួល៖ ជា បញ្ញា