សប្ដាហ៍ចុងខែមករា និងដើមខែកុម្ភៈ កម្ពុជាទទួលបានទេសចរផ្ទៃក្នុងជាង៣០ម៉ឺននាក់
(ភ្នំពេញ)៖ ចុងសប្តាហ៍ចាប់ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទូទាំងប្រទេសទទួលបានភ្ញៀវទេសចរផ្ទៃក្នុងសរុបមានចំនួន៣០៣,១៤៩នាក់ ក្នុងនោះភ្ញៀវជាតិ២៥៧,១៣៧នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង៤៦,០១២នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ៨៣,៩២៨នាក់
* រាជធានីភ្នំពេញ ៣៨,៣៣១នាក់
* ខេត្តសៀមរាប ៣៧,៩២៦នាក់
* ខេត្តកំពត ២២,៣៥៨នាក់
* ខេត្តបាត់ដំបង ១៩,៦៨៣នាក់
* ខេត្តកំពង់ចាម ១៣,៨៧៤នាក់
* ខេត្តកណ្តាល ១៣,៣២៦នាក់
* ខេត្តពោធិ៍សាត់ ១០,៤០៤នាក់។
កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ កម្ពុជាបានរៀបចំព្រឹត្តិការណ៍ Angkor Ultra Trail លើកទី៦ឡើងវិញ នៅតំបន់អង្គរ ខេត្តសៀមរាប ដោយមានអ្នកចូលរួមលើសការរំពឹងទុកប្រមាណជាង១ពាន់នាក់ មកពី៤៣ប្រទេស ភាគច្រើនមកពីអីរ៉ុប ពិសេសបារាំង។ ព្រឹត្តិការណ៍នេះ ក៏បង្ហាញពីគោលដៅសុវត្ថិភាពរបស់កម្ពុជា និងការត្រៀមរៀបចំឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ និងជាព្រឹត្តិការណ៍ការចូលរួមក្នុងយុទ្ធនាការ ឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) ផងដែរ។
ដោយឡែក នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញ ដែលជាថ្ងៃប្រារព្ធពិធីបុណ្យមាឃបូជា ប្រជាពលរដ្ឋដែលជាពុទ្ធសាសនិកបានធ្វើដំណើរទៅប្រារព្ធពិធីបុណ្យនៅតាមវត្តអារាមនានា ហើយខ្លះក៏បានបន្តដំណើរកម្សាន្តនៅតាមគោលដៅទេសចរណ៍នានាផងដែរ៕
ប្រភព៖ ក្រសួងទេសចរណ៍