ក្រសួងអប់រំគ្រោងនឹងបើកសាលារៀនឡើងវិញនៅពេលឆាប់ៗ
ភ្នំពេញ: ក្រសួងអប់រំ យុវជន និងកីឡាគ្រោងនឹងបើកសាលារៀនឡើងវិញនាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធលើវិធានការសុខុមាលភាព និងកត្តាសង្គម-សេដ្ឋកិច្ច។
អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា មានប្រសាសន៍ថា ក្រសួងអប់រំនឹងធ្វើតាមអនុសាសន៍ណែនាំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យបើកដំណើរការសាលារៀនទាំងអស់ឡើងវិញ គឺនឹងប្រព្រឹត្តិទៅតាមបីដំណាក់កាលរួមមាន សាលារៀនមានស្តង់ដាសុវត្ថិភាពខ្ពស់ សាលារៀនមានស្តង់ដាមធ្យម និង សាលារៀនមានស្តង់ដាអប្បបរមា។
អ្នកនាំពាក្យរូបនោះក៏បានបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងសហការជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយពិភាក្សាលើវិធានការសុខុមាលភាព កត្តាសង្គម-សេដ្ឋកិច្ច មុននឹងជម្រាបសាធារណៈជនពីកាលបរិច្ឆេទ រួមទាំងវិធានការចាំបាច់នានា សម្រាប់បើកឲ្យដំណើរការសាលារៀនតាមបីដំណាក់កាលខាងលើនាពេលឆាប់ៗខាងមុខនេះ។
សូមរម្លឹកផងដែរថា សាលារៀនទាំងអស់ទៅទូទាំងប្រទេសបានបិទទ្វារចាប់តាំងពីថ្ងៃទី១៦ ខែមីនា ឆ្នាំ ២០២០ មកម្ល៉េះដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ ៕