[វីដេអូ] មើលអេកូញឹកពេក ប៉ះពាល់កូនអត់? ពិនិត្យប៉ុន្មានដងល្អ?
សម័យបច្ចេកវិទ្យាទំនើប ពេលដឹងថាពពោះ ទាំងម៉ាក់ទាំងប៉ាសង្វាតទៅឆ្លុះអេកូណាស់ ដើម្បីបានដឹងពីការលូតលាស់របស់កូន បានឃើញពីសកម្មភាព ឬទម្រង់មុខមាត់កូនជាដើម។
សម័យបច្ចេកវិទ្យាទំនើប ពេលដឹងថាពពោះ ទាំងម៉ាក់ទាំងប៉ាសង្វាតទៅឆ្លុះអេកូណាស់ ដើម្បីបានដឹងពីការលូតលាស់របស់កូន បានឃើញពីសកម្មភាព ឬទម្រង់មុខមាត់កូនជាដើម។
តើការឆ្លុះអេកូញឹកញាប់ពេកអាចប៉ះពាល់ដល់កូនក្នុងផ្ទៃឬអត់? អំឡុងពពោះអ្នកម្តាយត្រូវឆ្លុះអេកូប៉ុន្មានដងទើបល្អ? ការពិនិត្យអេកូមួយលើកៗមានប្រយោជន៍អ្វីខ្លះ?
ការពិនិត្យអេកូសាស្ត្រគឺដើម្បីបានដឹងពីការវិវត្តនៃគភ៌ ដឹងពីហានិភ័យដែលកើតមានលើទារកនិងម្តាយ។ ការពិនិត្យអេកូមិនបង្កការឈឺចាប់ ពុំមានផលប៉ះពាល់ដល់កូនក្នុងពោះអ្នកម្តាយឡើយ ទោះពិនិត្យច្រើនដងក៏ដោយរីឯលទ្ធផលក៏សុក្រិត្យដែរ។
ជាធម្មតាយើងត្រូវទៅពិនិត្យអេកូឲ្យបាន ៤-៥ ដង គ្រប់គ្រាន់ហើយ ការពិនិត្យច្រើនជាងនេះលុះត្រាមានបញ្ហាមិនប្រក្រតីប៉ុណ្ណោះ នេះបើតាមការបកស្រាយរបស់វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅ។
តើត្រូវទៅពិនិត្យអេកូនៅពេលណាខ្លះ?
លើកទី១៖ ពេលបាត់រដូវភ្លាម អ្នកម្តាយអាចពិនិត្យទឹកនោម និងមើលអេកូ ដើម្បីច្បាស់ថា មានទារកហើយការពិនិត្យអេកូនឹងដឹងច្បាស់ថា កូនយើងនៅក្នុង ឬក្រៅស្បូន។
លើកទី២៖ ពេលអ្នកម្តាយពពោះបាន ១២-១៥ សប្តាហ៍ ការពិនិត្យក្នុងអំឡុងនេះ ដើម្បីដឹងថា អ្នកម្តាយមានកូនតែមួយ ឬក៏ភ្លោះ ថ្ងៃសម្រាលពេលណា និងរកភាពមិនប្រក្រតីរបស់គភ៌។
លើកទី៣៖ ពេលគភ៌អាយុបាន ២៣-២៥ សប្តាហ៍។ ការពិនិត្យអេកូលើកទី៣នេះ គ្រូពេទ្យនឹងមើល លម្អិតពីសរីរាង្គរបស់កូនយើង ក្នុងនោះមាន ខួរក្បាល តើមានទឹកដក់ក្នុងខួរក្បាលអត់? ទារកមានគ្រប់លក្ខណៈ ឬក៏មានឆែបមាត់? បេះដូងប្រហោងអត់? សួត ថ្លើម ក្រលៀន ក្រពះ ពោះវៀន ប្លោកនោម ពេញលក្ខណៈទេ? ដៃជើងមានគ្រប់នៅ? អ្វីដែលម៉ាក់ប៉ារំភើបនោះ មើលអេកូពេលនេះ ដឹងភេទកូនច្បាស់ហើយ។
លើកទី៤៖ នៅចន្លោះពីសប្តាហ៍ ៣៣-៣៥។ មិនដូចការពិនិត្យលើកមុនទេ គ្រូពេទ្យនឹងមើលពីការលូតលាស់ និងសុខភាពទារក ទម្រង់-ទម្ងន់កូន ទីតាំងសុក បរិមាណ ទឹកភ្លោះ និងបញ្ហាផ្សេងៗ ទៀត។
លើកទី៥៖ កៀកថ្ងៃសម្រាល។ ការមើលអេកូចុងក្រោយនេះ ដើម្បីតាមដានសុខភាពកូនតើមានខ្សោយឬអត់? ទម្ងន់បានប៉ុន្មាន? មើលទឹកភ្លោះ តើអស់ទឹកភ្លោះទេ? ទឹកភ្លោះតិច ឬច្រើន។
សូមទស្សនាវីដេអូដូចខាងក្រោម៖