[វីដេអូ] # Ep.37 តើគួរញុំាអាហារប្រភេទណាខ្លះនៅពេលដែលអ្នកឈឺ?

 
[វីដេអូ] # Ep.37 តើគួរញុំាអាហារប្រភេទណាខ្លះនៅពេលដែលអ្នកឈឺ?

នៅពេលដែលអ្នកឈឺការញុំាអ្វីដែលត្រឹមត្រូវគឺជារឿងសំខាន់សំរាប់សុខភាព អាចជួយកាត់បន្ថយរោគសញ្ញានៃជំងឺ ផ្តល់ថាមពល ជួយទ្រទ្រង់រាងកាយរបស់អ្នកនៅពេលកំពុងមានជំងឺ ជួយឱ្យអ្នកមានអារម្មណ៍ធូរស្បើយនិងមានសុខភាពកាន់តែប្រសើរឡើងជាងមុន។

ដូចនេះយើងសូមណែនាំអាហារមួយចំនួនដែលអ្នកគួរទទួលទាននៅពេលឈឺមានដូចជា:

១​ ស៊ុប​មាន់

ស៊ុបមាន់ត្រូវបានណែនាំឱ្យញុំា ពីព្រោះស៊ុបមាន់ជួយព្យាបាលសម្រាប់អ្នកជំងឺផ្តាសាយទូទៅ។ស៊ុបមាន់ជាប្រភពនៃវីតាមីន ជាតិរ៉ែ សំបូរកាឡូរីនិងប្រូតេអ៊ីន។ បន្ថែមពីនេះស៊ុបមាន់ផ្តល់នូវសារធាតុចិញ្ចឹមសំរាប់រាងកាយរបស់អ្នកដែលត្រូវការក្នុងបរិមាណច្រើននៅពេលអ្នកឈឺ។

លើសពីនេះស៊ុបមាន់ក៏ជាប្រភពដ៏ល្អនៃសារធាតុរាវនិងអេឡិចត្រូលីតដែលចាំបាច់សម្រាប់ការផ្តល់ជាតិទឹកចំពោះរាងកាយ។

អត្ថប្រយោជន៍បន្ថែមពីនេះស៊ុបមាន់ក៏ជាថ្នាំបំប៉ន និងអាចរារាំងកោសិកាដែលបណ្តាលឱ្យក្អកនិងហៀរសំបោរផងដែរ។

២​ ផ្លែទំពាំងបាយជូរ

ផ្លែទំពាំងបាយជូរគឺជាប្រភពនៃជាតិទឹកដ៏ល្អនៅពេលអ្នកឈឺ។

ទំពាំងបាយជូរមានរសជាតិឈ្ងុយឆ្ងាញ់ ជួយបំពេញជាតិទឹកនៅក្នុងរាងកាយ ហើយផ្ទុកកាឡូរី វីតាមីននិងជាតិរ៉ែ មានដូចជាម៉ាញ៉េស្យូម កាល់ស្យូម សារធាតុ folate និងផូស្វ័រ ។

៣ ខ្ទឹមស

ខ្ទឹមសផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព ។

ខ្ទឹមសអាចជាឱសថប្រឆាំងនឹងបាក់តេរី វីរុសនិងរំញោចប្រព័ន្ធភាពស៊ាំ។ខ្ទឹមសជួយឱ្យអ្នកជៀសផុតពីជំងឺនិងឆាប់ជាសះស្បើយនៅពេលអ្នកឈឺ។

ការសិក្សាមួយបានបង្ហាញថាខ្ទឹមសក៏អាចជួយព្យាបាលជំងឺផ្តាសាយបានយ៉ាងមានប្រសិទ្ធភាពផងដែរ។

៤ ទឹកដូង

ការរក្សាជាតិទឹកឱ្យបានល្អគឺជារឿងមួយសំខាន់ណាស់នៅដែលអ្នកពេលឈឺ។

ជាតិទឹកគឺមានសារៈសំខាន់ណាស់ជាពិសេសនៅពេលអ្នកក្តៅខ្លួន បែកញើសច្រើន ឬក្អួត រាគដែលអាចបណ្តាលឱ្យអ្នកបាត់បង់ជាតិទឹកនិងអេឡិចត្រូលីតច្រើន។

​ដូចនេះទឹកដូងជួយផ្តល់សារធាតុរាវនិងអេឡិចត្រូលីតដែលអ្នកត្រូវការដើម្បីរក្សាជាតិទឹកនៅពេលឈឺ។

៥ ទឹកឃ្មុំ

ទឹកឃ្មុំមានឥទ្ធិពលប្រឆាំងនឹងបាក់តេរី ដែលមានសក្តានុពលជួយប្រឆាំងនឹងមេរោគ និងរំញោចប្រព័ន្ធភាពស៊ាំ។

គុណសម្បត្ដិរបស់ទឹកឃ្មុំជួយបំបាត់ការឈឺបំពង់ក ក្អក ផ្តាសាយ ដែលបណ្តាលមកពីការឆ្លងបាក់តេរី។

បន្ថែមពីនេះទឹកឃ្មុំក៏អាចជួយបំបាត់ការក្អកចំពោះកុមារដែលមានអាយុលើសពី ១២ ខែបានផងដែរ។

ដូចនេះអ្នកគួរលាយទឹកឃ្មុំប្រហែលកន្លះស្លាបព្រាកាហ្វេ (២,៥ មីលីលីត្រ) ជាមួយទឹកក្តៅឧណ្ណឬទឹកតែមួយកែវរួចញុំាជាការស្រេច។

៦ ខ្ញី

ខ្ញីត្រូវបានគេស្គាល់ថាជាឱសថដ៏ល្អបំផុតដែលមាន ឥទ្ធិពលប្រឆាំងនឹងការក្អួតចង្អោរចំពោះស្រ្តីមានផ្ទៃពោះនិងព្យាបាលជំងឺមហារីក ។

លើសពីនេះខ្ញីមានប្រសិទ្ធភាពខ្ពស់ក្នុងការ ប្រឆាំងនឹងការរលាកនិងប្រឆាំងអុកស៊ីតកម្មផងដែរ។

៧ ចេក

ចេកគឺជាអាហារដ៏ល្អសម្រាប់ការបរិភោគនៅពេលអ្នកឈឺ។

ចេកមានជាតិសរសៃ ដែលអ្នកអាចញ៉ាំបានព្រោះជាតិសរសៃអាចជួយបំបាត់ការរាគរូស

ហើយចេកក៏ជាប្រភពដ៏ល្អនៃកាឡូរី សារធាតុចិញ្ចឹម និងអាចជួយបំបាត់ការក្អួតចង្អោរបានផងដែរ។

៨​ ទឹកដោះគោជូរ

ទឹកដោះគោជូរជាប្រភពដ៏ល្អនៃកាឡូរី ប្រូតេអ៊ីន វីតាមីននិងជាតិរ៉ែ។ ចំណែកឯទឹកដោះគោយ៉ាអួរក៏មានផ្ទុកនូវសារធាតុ probiotics ដែលអាចជួយសុខភាពអ្នកកាន់តែប្រសើរ។

៩ ផ្លែប៊ឺរ

ផ្លែប៊ឺរគឺជាផ្លែឈើដែលមានជាតិស្ករទាបប៉ុន្តែមានខ្លាញ់ខ្ពស់។

ផ្លែបឺរជាប្រភពដ៏ល្អនៃជាតិសរសៃគឺសំបូរទៅដោយវីតាមីន និងជាតិរ៉ែ ដែលមានសុខភាពល្អដែលអាចបន្ថយការរលាកនិងជំរុញប្រព័ន្ធភាពស៊ាំ។

ជារួមមកការញុំាអាហារត្រឹមត្រូវ ត្រូវការសម្រាកគ្រប់គ្រាន់ ការញុំាទឹកនិងទទួលបានអាហាររូបត្ថម្ភត្រឹមត្រូវបន្ថែមទៀតគឺជារឿងសំខាន់ៗណាស់ ដើម្បីឲ្យសុខភាពអ្នកកាន់តែប្រសើរឡើង៕

 

ប្រភព: healthline ដោយ: ជា បញ្ញា