ឯកឧត្តម នេត្រ ភក្ត្រា បានចាត់វិធានពង្រឹងការគ្រប់គ្រង និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង

កិច្ចប្រជុំមួយធ្វើឡើងក្រោយពីមានកិច្ចប្រជុំរវាងក្រសួងព័ត៌មាន និងម្ចាស់ស្ថានីយ៍ទូរទស្សន៍នានាដើម្បីគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនៅលើប្រព័ន្ធផ្សព្វផ្សាយទាំងប្រព័ន្ធផ្សព្វផ្សាយបុរាណ និងប្រព័ន្ធផ្សព្វផ្សាយទំនើប។

 
ឯកឧត្តម នេត្រ ភក្ត្រា បានចាត់វិធានពង្រឹងការគ្រប់គ្រង និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង

ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីកាត់បន្ថយផលប៉ះពាល់ដល់សីលធម៌សង្គម និងសុខុមាលភាពសាធារណៈដែលកើតចេញពីការផ្សព្វផ្សាយជ្រុលហួសហេតុការធ្វើពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម នេត្រ ភក្ត្រា កាលពីម្សិលម្ង៉ៃ នារសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ បានជួបប្រជុំជាមួយតំណាងក្រុមហ៊ុនផលិត និងលក់ផលិតផលគ្រឿងស្រវឹង និងក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មនៅទីស្តីការក្រសួងព័ត៌មាន។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថាកន្លងទៅនេះដើម្បីគ្រប់គ្រងសណ្តាប់ក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង ក្រសួងព័ត៌មានបានពង្រឹងឡើងវិញលើវិធានការនៃការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង ដើម្បីកុំឱ្យលេចចេញរូបភាពហួសហេតុដែលប៉ះពាល់ដល់តម្លៃ និងសីលធម៌សង្គមដោយបានណែនាំ៖
១. សូមបញ្ឈប់ការប្រើប្រាស់រូបភាពនៃការហៅមនុស្សឡើងលើឆាកតន្ត្រី និងសង្វៀងប្រដាល់ដើម្បីពិសាស្រាបៀរហើយផ្សព្វផ្សាយ។
២. ពិធីករពិធីការិនីដែលជាមនុសមានឥទ្ធិពលលើបណ្តាញផ្សព្វផ្សាយកុំប្រើប្រាស់រូបភាពគាសកំប៉ុងស្រាបៀរពិសានិងផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ និងបណ្តាញទំនាក់ទំនងសង្គម។
៣. ការផ្សព្វផ្សាយពីពាណិជ្ជកម្មស្រាបៀរចាំបាច់ត្រូវភ្ជាប់នឹងសារអប់រំសុខភាព
ពិសាគ្រឿងស្រវឹង សូមកុំបើកបរ, ពិសាគ្រឿងស្រវឹងដោយការទទួលខុសត្រូវ ដើម្បីធ្វើតុល្យភាពនៃសារក្នុងការផ្សាយពាណិជ្ជកម្ម និងសារអប់រំ។


ប្រភពព័ត៌មាន៖ ក្រសួងព័ត៌មាន