លោកជំទាវ យក់ សម្បត្តិ បញ្ជាក់អំពីករណីមរណៈភាពបុរសជនជាតិចិនម្នាក់ក្នុងអំឡុងពេលទទួលការព្យាបាលជំងឺកូវីដ-១៩
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ជាផ្លូវការ នៅយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ ពីមរណភាពរបស់ បុរសជាជនជាតិចិនម្នាក់ ដែលកំពុងទទួលការព្យាបាលជំងឺកូវីដ-១៩ នៅក្នុងមណ្ឌលព្យាបាលកូវីដ-១៩ នៅព្រែកព្នៅ រាជធានីភ្នំពេញ ដោយការសន្និដ្ឋានមូលហេតុដែលស្លាប់គឺ ដោយសារតែការរើថ្នាំញៀនធ្ងន់ធ្ងរ បណ្តាលឱ្យគាំងបេះដូងស្លាប់ភ្លាមៗ។
លោកជំទាវ បានបញ្ជាក់ថា ៖ “អ្នកជំងឺរូបនេះ មានវិជ្ជមានវីរុសកូវីដ-១៩មែន ប៉ុន្តែគាត់ស្លាប់ដោយសារតែការប្រើប្រាស់សារធាតុញៀនហួសកំរិត។ ខ្ញុំសូមជម្រាបជូនថា គាត់ពុំមានអាការៈពាក់ព័ន្ធនឹងជំងឺកូវីដ-១៩នោះទេ បានន័យថា មិនមានការហត់ ដង្ហក់ ថប់ដង្ហើម មិនមានការឡើងកម្ដៅ ព្រមទាំងពុំមានអុកស៊ីហ្សែនចុះ ដែលសរុបទៅគឺគាត់ពុំមានបញ្ហាអ្វីពាក់ព័ន្ធនឹងជំងឺកូវីដ-១៩នោះទេ។ ដូច្នេះមូលហេតុដែលបណ្តាលឱ្យគាត់ស្លាប់ភ្លាមៗនេះ គឺបណ្តាលមកពីការប្រើប្រាស់សារធាតុញៀនតែម្តង ហើយតាមរយៈការធ្វើកោលសល្យវិច័យ លើទឹកនោម ក៏បានបង្ហាញយ៉ាងច្បាស់ថាមានសារធាតុអំហេ្វតាមីន”។
សូមបញ្ជាក់ថា ជនជាតិរូបនេះចិន មានឈ្មោះ Lay Binxiang អាយុ ៣៤ឆ្នាំ បានចូលមកព្រះរាជាណាចក្រកម្ពុជាតាំងពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩មកម្ល៉េះ ហើយត្រូវបានយកសំណាក នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីបុរសជនជាតិចិនរូបនេះ បានប៉ះពាល់ដោយផ្ទាល់នឹងអ្នកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ។
ក្រសួងសុខាភិបាល ក៏បានបញ្ជាក់នៅក្នុងលិខិតរបស់ខ្លួនមួយនៅយប់នេះផងដែរថា តាមរយៈការធ្វើកោសល្យវិច្ច័យលើសាកសពនៅថ្ងៃទី០៤ ខែមីនានេះ បានបង្ហាញថា បុរសដែលទទួលមរណភាពរូបនេះ មានសារធាតុអំហ្វេតាមីនខ្ពស់ (តាមរយៈការពិនិត្យទឹកនោម) ដែលត្រូវបានសន្មត់ថា បុគ្គលនេះបានប្រើប្រាស់សារធាតុញៀនប្រភេតអំហ្វេតាមីនក្នុងរយៈពេលយូរមកហើយ។ ហេតុដូច្នេះហើយតាមរយៈការសន្និដ្ឋានចុងក្រោយ អ្នកជំងឺដែលទទួលមរណភាពភ្លាមៗនេះ គឺដោយសារតែការរើថ្នាំញៀនធ្ងន់ធ្ងរ បណ្តាលឱ្យគាំងបេះដូងស្លាប់ភ្លាមៗតែម្តង។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាមានករណីឆ្លងសរុបទូទាំងប្រទេសមានចំនួន ៩៣២នាក់ ព្យាបាលជាសះស្បើយ ៤៨៩នាក់ កំពុងសម្រាកព្យាបាល ៤៤២នាក់ ដែលភាគច្រើននៃអ្នកកំពុងសម្រាកព្យាបាលគឺពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងជាជនជាតិចិន៕
ប្រភព: ក្រសួងព័ត៌មាន