តំណាងក្រុមហ៊ុន Ave Arup Limited ប្រចាំប្រទេសកម្ពុជា វៀតណាម ថៃ និងអង់គ្លេស ស្វែងយល់អំពីការរីកចម្រើន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជា

ថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ តូច ចាន់កុសល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមទេស រដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយ តំណាងក្រុមហ៊ុន Ave Arup Limited ប្រចាំប្រទេសកម្ពុជា វៀតណាម ថៃ និងអង់គ្លេស ដឹកនាំដោយ លោក Stewart Clayton នាយកប្រចាំកម្ពុជានៃនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ ស្ថានទូតអង់គ្លេស ប្រចាំកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ។

 
តំណាងក្រុមហ៊ុន Ave Arup Limited ប្រចាំប្រទេសកម្ពុជា វៀតណាម ថៃ និងអង់គ្លេស ស្វែងយល់អំពីការរីកចម្រើន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជា

គោលបំណងនៃជំនួបនេះគឺដើម្បីស្វែងយល់បន្ថែមអំពីការរីកចម្រើន និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជា និងក៏ដូចជាដើម្បីបញ្ជាក់ពីស្ថានភាពបច្ចុប្បន្ននៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងអ្វីដែលជា ផែនការសម្រាប់ពេលអនាគត។

ជាកិច្ចចាប់ផ្តើម លោក Stewart Clayton បានណែនាំឱ្យតំណាងក្រុមហ៊ុនARUP ធ្វើបទបង្ហាញ ដែល បានផ្តោតជាសំខាន់លើសភាពការណ៍វិវត្តន៍ថ្មីៗនៅក្នុងពិភពលោកទាក់ទងនឹងដំណោះស្រាយសម្រាប់វិស័យដឹកជញ្ជូន ដំណោះស្រាយបញ្ហាចំពោះបម្រែបម្រួលអាកាសធាតុ និងផែនការមេទីក្រុងដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ និងការសម្របសម្រួលខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានជម្រាបជូនអំពីការរៀបចំគោលនយោបាយដឹកជញ្ជូនផ្លូវគោក ដើម្បីជំរុញការប្រើប្រាស់រថយន្តដើរដោយថាមពលអគ្គិសនី (EV) ក្នុងការចូលរួមចំណែកកាត់បន្ថយការបំភាយឧស្ម័នកាបូន កិច្ចសហការរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងអង្គការ UNDP (កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ) ដើម្បីដំឡើងស្ថានីយសាកថ្ម Evs នៅទីស្តីការក្រសួង និងបណ្តារាជធានី-ខេត្តមួយចំនួន ការសិក្សាប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ប្រព័ន្ធរថភ្លើងក្រោមដី (Subway) ការសិក្សាគម្រោងអភិវឌ្ឍន៍រថភ្លើង Monorail ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ គម្រោងស្តីពីការដឹកជញ្ជូនបៃតងនៅខេត្តសៀមរាប ក្រោមកិច្ចសហការរៀបចំជាមួយធនាគារពិភពលោក និងសារសំខាន់នៃផែនការមេសម្រាប់ការអភិវឌ្ឍន៍ទីក្រុង ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍ផងដែរ។

ជាមួយគ្នានោះដែរ លោក Stewart Clayton បានជម្រាបជូនផងដែរអំពីគម្រោងរៀបចំសិក្ខាសាលាមួយនៅកម្ពុជាដើម្បីស្វែងយល់អំពីបញ្ហាប្រឈម និងដំណោះស្រាយលើវិស័យដឹកជញ្ជូនរបស់កម្ពុជា ក្នុងគោលដៅសម្រេចបាននូវការកាត់បន្ថយកាបូនឱ្យនៅកម្រិតសូន្យ។

សូមជម្រាបជូនថា៖ ក្រុមហ៊ុន Arup បានបង្ហាញនូវវិស័យសក្កានុពលដែលខ្លួនចង់សហការជាមួយកម្ពុជា ក្នុងការសាងសង់ប្រព័ន្ធដឹកជញ្ជូនសាធារណៈ (ដូចករណីប្រព័ន្ធរថភ្លើង MRT នៅប្រទេសសិង្ហបុរី) និង បានបង្ហាញនូវទម្រង់ម៉ូដែលកិច្ចសហការរវាងរដ្ឋ និងឯកជន (Public-Private Partnership) ពាក់ព័ន្ធ ទៅនឹងលទ្ធកម្មផងដែរ៕

Join Telegram https://t.me/cngtvcambodia

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន