ក្រុមហ៊ុនអាកាសចរអូស្ត្រាលី Qantas កាត់ផ្តាច់ផ្លូវហោះហើរអន្តរជាតិ ៩០ ភាគរយ
ទីក្រុងស៊ីដនី៖ ក្រុមហ៊ុនអាកាសចរអូស្រ្តាលី Qantas បានប្រកាសនៅថ្ងៃអង្គារទី ១៧ ខែមីនាថាខ្លួនកំពុងកាត់ផ្តាច់ជើងហោះហើរអន្តរជាតិ ៩០ ភាគរយនិងជើងហោះហើរក្នុងស្រុក ៦០ ភាគរយដោយសារវិបត្តិនៃការឆ្លងវីរុសកូវីដ១៩ ចំពោះឧស្សាហកម្មទេសចរណ៍។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន AFP ថ្ងៃទី១៧ មីនា ២០២០នេះ។
ប្រឈមនឹងការកើនឡើងនៃការហាមឃាត់ការធ្វើដំណើរជុំវិញពិភពលោក និង “ការធ្លាក់ចុះយ៉ាងខ្លាំងនៃតម្រូវការ” ក្រុមហ៊ុនអាកាសចរ Qantas បាននិយាយថាការកាត់បន្ថយនេះនឹងបន្តរហូតដល់យ៉ាងហោចណាស់ចុងខែឧសភា។
វាប៉ះពាល់ទាំងការហោះហើររបស់ក្រុមហ៊ុន Qantas និងក្រុមហ៊ុនអាកាសចរ Jetstar ដែលនឹងប៉ះពាល់ដល់បុគ្គលិកប្រមាណ ៣០.០០០ នាក់។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា អ្នកដំណើរដែលត្រូវបង្ខំឱ្យលុបចោលការកក់សំបុត្រនឹងត្រូវបានចេញប័ណ្ណឥណពន្ធឲ្យ ប៉ុន្តែមិនមែនការសងប្រាក់វិញទេ។
ក្រុមហ៊ុន Qantas បានកាត់បន្ថយជើងហោះហើរអន្តរជាតិរបស់ខ្លួនប្រមាណ ២៥ ភាគរយហើយកាលពីសប្តាហ៍មុន។
ចាប់តាំងពីពេលនោះមក អូស្រ្តាលី សហរដ្ឋអាមេរិក និងប្រទេសជាច្រើនទៀតបានដាក់កំហិត និងហាមឃាត់យ៉ាងតឹងរ៉ឹងលើភ្ញៀវទេសចរអន្តរជាតិក្នុងគោលបំណងកាត់បន្ថយការរីករាលដាលនៃវីរុសកូវីដ១៩។
នាយកប្រតិបត្តិក្រុមហ៊ុន Qantas លោក Alan Joyce ក៏បាននិយាយផងដែរថា លោកនឹងមិនយកប្រាក់ខែរបស់លោករហូតដល់ថ្ងៃទី ៣០ ខែមិថុនា។
លោកគឺជានាយកប្រតិបត្តិដែលទទួលបានប្រាក់ខែខ្ពស់បំផុតរបស់អូស្រ្តាលីដោយមានប្រាក់ឈ្នួល ២៤ លានដុល្លារអូស្ត្រាលី (ឬស្មើនឹង ១៥ លានដុល្លារសហរដ្ឋអាមេរិក) ប្រចាំឆ្នាំ ២០១៨។
អ្នកវិភាគទីផ្សារជឿជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ជាច្រើនអាចនឹងឈប់ធ្វើអាជីវកម្មដោយសារតែវិបត្តិនេះ។
ក្រុមហ៊ុនជំនាញទីផ្សារឈ្មោះថា CAPA បានសង្កត់ធ្ងន់យ៉ាងខ្លាំងកាលពីថ្ងៃច័ន្ទថា “នៅចុងខែឧសភាឆ្នាំ ២០២០ ក្រុមហ៊ុនអាកាសចរភាគច្រើននៅលើពិភពលោកអាចនឹងក្ស័យធន”៕
ប្រភព៖ AFP ប្រែសម្រួល៖ ចាប មិថុនា