កម្ពុជា-សហរដ្ឋអាម៉េរិក បន្តកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម-វិនិយោគ ទោះបីប្រឈមនឹងឧបសគ្គមួយចំនួន
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម បួន សារៈមុនី រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូ តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (USTR) ដឹកនាំដោយលោកស្រី Wallis Yu នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក ក្រោមកិច្ចសម្របសម្រួលដោយស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្ពុជា ដើម្បីទទួលបាននូវបច្ចុប្បន្នភាពព័ត៌មានទាក់ទងនឹងវិស័យពាណិជ្ជកម្ម និងវិនិយោគ នៅកម្ពុជា។
ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងថា ទោះបីស្ថិតក្នុងស្ថានភាពរីករាលដាលនៃជម្ងឺកូវីដ-១៩ក្តី ទំហំពាណិជ្ជកម្មកម្ពុជា-សហរដ្ឋអាមេរិកមានចំនួន ៦.២ប៊ីលានដុល្លារអាម៉េរិក ក្នុងរយៈពេល៦ខែដើមឆ្នាំ២០២២ ដែលជាការកើនឡើងក្នុងអត្រាកំណើន ៦១.៥៤% ធៀបនឹង ៦ខែ ដើមឆ្នាំ២០២១។
បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងអំពីវឌ្ឍនៈភាពជាវិជ្ជមានក្នុងវិស័យបច្ចេកវិទ្យានៅកម្ពុជា ដែលកំពុងមានសន្ទុះខ្លាំងក្លា រួមមានបច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) និងបច្ចេកវិទ្យានៃការទូទាត់ឆ្លងប្រទេសដោយប្រើ QR Code ជាដើម ដែលទាំងអស់នេះ បានជួយរួមចំណែកបង្កបរិយាកាសវិនិយោគនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ។
ទន្ទឹមនឹងនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានឆ្លៀតឱកាសថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលសហរដ្ឋអាម៉េរិក ដែលបានផ្តល់ជំនួយឧបត្ថម្ភវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ព្រមទាំងបានបញ្ចូនវត្ថុបុរាណមកកាន់កម្ពុជា ដែលជាមាតុប្រទេសវិញ ក្នុងពេលថ្មីៗនេះ។
ជាការឆ្លើយតប លោកស្រី Wallis Yu ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសគឺក្រសួងពាណិជ្ជកម្មកម្ពុជា ដែលបានធ្វើការសម្របសម្រួលអន្តរក្រសួងដើម្បីឱ្យកម្ពុជាសម្រេចទទួលយកស្តង់ដារយានយន្តសហរដ្ឋអាម៉េរិក ជាហេតុធ្វើឱ្យកម្ពុជាបានក្លាយជាទីផ្សារដ៏សំខាន់មួយក្នុងវិស័យយានយន្តសហរដ្ឋអាម៉េរិក។
បន្ថែមពីនេះ លោកស្រីបានស្នើសុំឱ្យក្រសួងពាណិជ្ជកម្មកម្ពុជា បន្តសហការផ្តល់បច្ចុប្បន្នភាពព័ត៌មានទាក់ទងនឹងវិស័យច្បាប់ និងបទប្បញ្ញត្តិ ពាក់ព័ន្ធក្នុងវិស័យពាណិជ្ជកម្ម-វិនិយោគ ដល់តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (USTR) សំដៅលើកកម្ពស់បរិយាកាសវិនិយោគ និងទាក់ទាញក្រុមហ៊ុនវិនិយោគធំៗរបស់សហរដ្ឋអាម៉េរិក ឱ្យមកវិនិយោគរយៈពេលវែងនៅកម្ពុជា ក្នុងវិស័យបច្ចេកវិទ្យា មានដូចជា ក្រុមហ៊ុន Amazon និង ក្រុមហ៊ុន Meta (Facebook) ជាដើម។
គួររលឹកផងដែរថា ជំនួបពិភាក្សាលើកនេះ គឺជាការពិភាក្សាការងារបន្ត ដែលជាផ្នែកមួយនៃ កិច្ចប្រជុំក្រុមប្រឹក្សាចម្រុះស្តីពី កិច្ចព្រមព្រៀងក្របខណ្ឌវិនិយោគ និងពាណិជ្ជកម្ម (TIFA) កម្ពុជា-អាម៉េរិក៕
ប្រភព៖ ក្រសួងពាណិជ្ជកម្ម