ក្រសួងពាណិជ្ជកម្មអនុម័តជាផ្លូវការនូវយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក
ភ្នំពេញ: នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងអនុម័តនូវយុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-Commerce Strategy) ដោយមានការចូលរួមពីតំណាងក្រសួងពាក់ព័ន្ធនានា ព្រមទាំងបានប្រកាសអនុម័តជាផ្លូវការលើយុទ្ធសាស្ត្រដ៏មានសារៈសំខាន់នេះ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនថា ក្នុងបរិបទបដិវដ្តន៍ឧស្សាហកម្ម៤.០ បច្ចេកវិទ្យាឌីជីថលគឺជាគន្លឹះដ៏សំខាន់ក្នុងការជំរុញភាពប្រកួតប្រជែងរបស់សហគ្រាសពាណិជ្ជកម្ម និងដំណើរការអាជីវកម្ម ដែលរួមចំណែកដល់ការលើកកម្ពស់ផលិតភាព បង្កើនការនាំចេញ បង្កើតការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ដោយមើលឃើញពីចក្ខុវិស័យវែងឆ្ងាយក្នុងការចាប់យកកាលានុវត្តភាពពីបដិវដ្តន៍ឧស្សាហកកម្ម៤.០ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា បានរំលេចអំពី “ការរៀបចំខ្លួនសម្រាប់ការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល និងឆ្លើយតបទៅនឹងបដិវដ្តន៍ឧស្សាហកម្ម៤.០” ក្នុងមុំទី៣ ចតុកោណទី២ នៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។ ការអភិវឌ្ឍបច្ចេកវិទ្យាឌីជីថល ក៏ជាការឆ្លើយតបទៅនឹងគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈការលើកកម្ពស់សមត្ថភាពរបស់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុកឲ្យផ្សារភ្ជាប់ទៅនឹងខ្សែច្រវាក់តម្លៃតំបន់ និងសកលលោកផងដែរ។
ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួងពាណិជ្ជកម្មបានរៀបចំយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីជាផែនទីបង្ហាញផ្លូវដល់ការអភិវឌ្ឍវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលជាវិស័យថ្មីមួយប្រកបដោយសក្តានុពលខ្ពស់ក្នុងការបង្កើតប្រភពកំណើនថ្មីសម្រាប់សេដ្ឋកិច្ចកម្ពុជា។ យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានរៀបចំឡើងដោយមានលក្ខណៈប្រទាក់ក្រឡា និងឆ្លើយតបទៅនឹងអនុសាសន៍ដែលមានកំណត់ក្នុងឯកសារយុទ្ធសាស្ត្រទាក់ទងនឹងវិស័យពាណិជ្ជកម្មផ្សេងៗទៀត រួមមានឯកសារយុទ្ធសាស្រ្តសមាហរណកម្មពាណិជ្ជកម្មកម្ពុជាឆ្នាំ២០១៩-២០២៣ ក៏ដូចជាយុទ្ធសាស្ត្រ និងឯកសារគោលនយោបាយ និងយុទ្ធសាស្រ្តតាមវិស័យរបស់ក្រសួង-ស្ថាប័នពាក់ព័ន្ធផងដែរ។
លើសពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានឱ្យដឹងដែរថា យុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ត្រូវបានរៀបចំឡើងក្នុងពេលវេលាដ៏ត្រឹមត្រូវ ស្របពេលដែលកម្ពុជាមានច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់កាលពីថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ។ ច្បាប់ស្តីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក នឹងបម្រើជាមូលដ្ឋានគតិយុត្តដ៏មានសារៈសំខាន់ ដល់ការអភិវឌ្ឍន៍វិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាពិសេស ក្នុងការការពារផលប្រយោជន៍ និងកសាងទំនុកចិត្តខ្ពស់ដល់អតិថិជនក្នុងការប្រើប្រាស់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ក៏ដូចជាទាក់ទាញវិយោគិនទាំងក្នុង និងក្រៅប្រទេស ដើម្បីវិនិយោគក្នុងវិស័យពាណិជ្ជកម្មតាមប្រព័ន្ធអេឡិកត្រូនិកនៅកម្ពុជា។ ម្យ៉ាងវិញទៀត ការរាតត្បាតនៃជំងឺកូវីដ១៩ បានបង្ខំឲ្យសហគ្រាស និងអាជីវកម្មជាច្រើន ឲ្យងាកមកប្រើប្រាស់បច្ចេកវិទ្យា និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីរក្សាបានដំណើរការអាជីវកម្មរបស់ខ្លួន ហើយទំនោរនេះ ប្រាកដជាមិនសាបរលាបទៅវិញទេ ហើយថែមទាំងមានកំណើនរឹតតែខ្លាំងឡើងនាពេលអនាគត ទោះបីជាការរាតត្បាតមានភាពស្រាកស្រាន្តក៏ដោយ។ ដូច្នេះ ការអនុវត្តប្រកបដោយប្រសិទ្ធភាពនៃយុទ្ធសាស្រ្តពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនឹងពង្រឹងរឹតតែខ្លាំងឡើងនូវការអភិវឌ្ឍវិស័យពាណិជ្ជកម្មអេឡិចត្រូនិក ដោយហេតុថា ឯកសារយុទ្ធសាស្រ្តនេះបានផ្តល់គំរូអាជីវកម្មថ្មីមួយប្រកបដោយប្រសិទ្ធិភាព និងភាពប្រកួតប្រជែងខ្ពស់ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលមានលក្ខណៈសមស្របទៅនឹងបរិបទសេដ្ឋកិច្ចឌីជីថល និងលក្ខខណ្ឌតម្រូវការទីផ្សារក្នុងស្ថានភាពជំងឺកូវីដ១៩ និងក្រោយជំងឺកូវីដ១៩ ផង។
សូមជម្រាបជូនថា យុទ្ធសាស្ត្រពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានរៀបចំឡើងដោយក្រសួងពាណិជ្ជកម្ម ក្រោមការឧបត្ថម្ភហិរញ្ញប្បទានពីអង្គការក្របខណ្ឌពង្រឹងសមាហរណកម្ម (Enhanced Integrated Framework – EIF) តាមរយៈការពិភាក្សាយ៉ាងទូលំទូលាយជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍៕
ប្រភព:ក្រសួងពាណិជ្ជកម្ម