ភូមិចំនួនបួន នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប ត្រូវបានកំណត់ជាតំបន់ក្រហម និងប្រកាសអំពីការបិទទីតាំងមួយចំនួនដោយជាប់ពាក់ព័ន្ធជាមួយនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩

រដ្ឋបាលខេត្តសម្រេចកំណត់ក្រហម ក្នុងភូមិចំនួនបួន នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប និងអំពាវនាវដល់អ្នកពាក់ព័ន្ធអនុវត្តការធ្វើចត្តាឡីស័ក ដើម្បីតាមដានសុខភាព និងយកសំណាកធ្វើតេស្តស្រាវជ្រាវមេរោគកូវីដ-១៩។

 
ភូមិចំនួនបួន នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប ត្រូវបានកំណត់ជាតំបន់ក្រហម និងប្រកាសអំពីការបិទទីតាំងមួយចំនួនដោយជាប់ពាក់ព័ន្ធជាមួយនឹងអ្នកវិជ្ជមានជំងឺកូវីដ-១៩

រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចកំណត់តំបន់ក្រហម លើភូមិរការធំ ភូមិព្រៃធំ ភូមិចន្លោង និងភូមិស្រង៉ែ នៃសង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប។ ការសម្រេចកំណត់តំបន់ក្រហមនេះ ក្រោយការរកឃើញវិជ្ជមានមេរោគកូវីដ-១៩ ។

រដ្ឋបាលខេត្តសៀមរាប សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងក្រោម ឬទីតាំងដែលអ្នកវិជ្ជមានបានមានទំនាក់ទំនងចាប់ពីកាលបរិច្ចេទនៃទីតាំងនីមួយៗ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ។ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

រដ្ឋបាលខេត្តសៀមរាប សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តឱ្យបានម៉ឺងមាត់ និងអនុវត្តនូវវិធានការការពាររបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល៕

 

ប្រភព: រដ្ឋបាលខេត្តសៀមរាប