កម្ពុជាចាត់វិធានការដាក់បម្រាមផ្អាកមិនឲ្យជនបរទេសមកពីប្រទេសមួយចំនួនចូលកម្ពុជារយៈពេល៣០ថ្ងៃ
ក្រសួងសុខាភិបាលចាត់វិធានការដាក់បម្រាមផ្អាកមិនឲ្យជនបរទេស ដែលមកពីប្រទេសអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលមកក្នុងប្រទេសកម្ពុជាក្នុងរយៈពេល៣០ថ្ងៃ ដោយគិតត្រូវអនុវត្តចាប់ពីថ្ងៃទី១៧ មីនា ឆ្នាំ២០២០នេះតទៅ។
ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលព្រឹកថ្ងៃទី១៤ មីនា ២០២០នេះបានឲ្យដឹងថា ក្រសួងសុខាភិបាលចាត់វិធានការដាក់បម្រាមផ្អាកមិនឲ្យជនបរទេស ដែលមកពីប្រទេសអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលមកក្នុងប្រទេសកម្ពុជាក្នុងរយៈពេល៣០ថ្ងៃ ដោយគិតត្រូវអនុវត្តចាប់ពីថ្ងៃទី១៧ មីនា ឆ្នាំ២០២០នេះតទៅ។
ការធ្វើឡើងនេះក្រោយពេលដែលថ្មីៗនេះកម្ពុជាបានរកឃើញវីរុសកូវីដ១៩ជាបន្តបន្ទាប់លើជនបរទេសមានសញ្ជាតិផ្សេងៗ ដែលតម្រូវឲ្យមានវិធានការការពារទប់ស្កាត់ជាបន្ទាន់នូវការចម្លងវីរុសកូវីដ១៩មកក្នុងប្រទេសកម្ពុជា។
សូមរម្លឹកផងដែរថា យោងតាមរបាយការណ៍ស្ថានភាពរាតត្បាតកូវីដ១៩របស់អង្គការសុខភាពពិភពលោកថ្ងៃទី១២ មីនា ២០២០ បានបង្ហាញថា នៅលើសកលលោកមានប្រទេសចំនួន ១១៧ហើយ ដែលមានការរាតត្បាតវីរុសកូវីដ១៩។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន។
គិតមកទល់ពេលបច្ចុប្បន្ននេះ សរុបចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ នៅកម្ពុជាបានកើនឡើងដល់៧នាក់ហើយ ដោយក្នុងនោះមានបុរសជនជាតិចិន មកពីទីក្រុងវូហាន ដែលបានជាសះស្បើយឡើងវិញ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប និងជនជាតិអង់គ្លេសបីនាក់ ជាអ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម បុរសជនជាតិកាណាដាអាយុ៤៩ឆ្នាំ និងបុរសជនជាតិប៊ែលហ្សិកអាយុ៣៣ឆ្នាំនៅភ្នំពេញ៕
ដោយ៖ ចាម មិថុនា